ក្តៅគគុក! ភ្នំភ្លើងនៅប៉ាពួញូហ្គីណេផ្ទុះជះកម្អែរ១៩គីឡូម៉ែត្រទៅលើអាកាស, មនុស្ស៥,០០០នាក់ត្រូវជម្លៀស

(ស៊ីដនី)៖ មនុស្ស ៥,០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព បន្ទាប់ពីភ្នំភ្លើងមួយ​បានផ្ទុះនៅក្នុងខេត្ត វែស័ញូប្រ៊ីតថិន (West New Britain) នៃប្រទេសប៉ាពួញូហ្គីណេ និងផ្ទះកម្អែររបស់វារហូតដល់ទៅ ១៩គីឡូម៉ែត្រឯណោះទៅក្នុងផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។

ភ្នំភ្លើងអ៊ូឡាវុន (Ulawun) ត្រូវបានគេដឹងថា គឺជាភ្នំភ្លើងដ៏សកម្ម និងគ្រោះថ្នាក់បំផុតនៅក្នុង​តំបន់ប៉ាស៊ីហ្វិកខាងត្បូង ហើយវាត្រូវបានអាជ្ញាធរជំនាញប៉ាពួញូហ្គីណេអះអាងថា​ បានផ្ទុះយ៉ាងកក្រើកកាលពីវេលាម៉ោង ១១៖៤៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងផតម៉ូសបាយ)។ អាជ្ញាធរបានបន្តទៀតថា ប្រជាជនត្រូវបានបញ្ជាឲ្យជម្លៀសជាបន្ទាន់​ ពីតំបន់អ៊ូឡាម៉ូណា (Ulamona) ដែលស្ថិតនៅកៀកភ្នំភ្លើង ទៅកាន់តំបន់សុវត្ថិភាពមួយមានឈ្មោះថា កាបាយ៉ា (Kabaya) ខណៈដែលយានជំនិះកំពុងខ្វះខាត។

គួរបញ្ជាក់ថា ជើងហោះហើរឆ្លងកាត់តំបន់ខាងលើនេះ ក៏ត្រូវបានបញ្ជាឲ្យផ្អាកជាបណ្តោះអាសន្នសិនផងដែរ ហើយដោយឡែករឿងបន្ទាន់មួយទៀតដែលត្រូវធ្វើ នោះគឺការផ្តល់ទីជម្រក ទឹក និងចំណីអាហារ​សម្រាប់ជនភៀសខ្លួនរាប់ពាន់នាក់ ដែលបានចាកចោលលំនៅឋានរបស់ពួកគេយ៉ាងទាន់ហន់។ រហូតមកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍អំពីជនរងគ្រោះ ឬក៏ការខូចខាតជារួមនោះឡើយ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម