មេដឹកនាំកាណាដាធ្លាប់ស្នើសុំដោះស្រាយវិវាទការទូតជាមួយចិន ប៉ុន្តែចិនមិនបានខ្វាយខ្វល់នោះឡើយ

(អូតតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ធ្លាប់បានស្នើដោយផ្ទាល់ជាលក្ខណៈឯកជន ឱ្យមានការរៀបចំកិច្ចសន្ទនាមួយ ដើម្បីបិទបញ្ចប់ជម្លោះការទូតជាមួយចិន ក្រោយពីការចាប់ខ្លួននាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei កាលពីឆ្នាំមុនដែលបាននាំឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរត្រូវប្រេះស្រាំ ប៉ុន្តែទីក្រុងប៉េកាំងមិនបានខ្វាយខ្វល់ ចំពោះសំណើពីមេដឹកនាំកាណាដារូបនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។

ជុំវិញបញ្ហានេះដែរ បើតាមអ្នកនាំពាក្យរបស់លោក Trudeau គឺលោកស្រី ឆានថាល ហ្គេកណុន (Chantal Gagnon) លោក Trudeau លើកឡើងនូវសំណើខាងលើកាលពីខែមករា កន្លងទៅមកម្ល៉េះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang)។ បន្ថែមពីលើនេះ នៅក្នុងកិច្ចសន្ទនានោះលោកនាយករដ្ឋមន្ត្រីកាណាដា ក៏បានស្នើផងដែរឱ្យភាគីចិនដោះលែងជនជាតិកាណាដា ០២នាក់ដែលកំពុងជាប់ឃុំ និងជនជាតិកាណាដាម្នាក់ទៀត ដែលត្រូវបានផ្ដន្ទាទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀន។ ប៉ុន្តែខាងទីក្រុងប៉េកាំងមិនបានខ្វាយខ្វល់នឹងសំណើនេះទេ។

គួរជម្រាបថា ការបង្ហើបពីព័ត៌មានខាងលើ កើតមានឡើងនៅចំពេលដែលមានការអំពាវនាវនៅក្នុង ស្រុកកាន់ច្រើនឡើងឱ្យរដ្ឋាភិបាលលោក Trudeau ចាត់វិធានការដាក់សម្ពាធលើចិន ឱ្យដោះលែងជនជាតិកាណាដាទាំង ០២ខាងលើ ដែលត្រូវបានចាប់ខ្លួនក្រោយនាយកហិរញ្ញវត្ថុ Huawei ត្រូវបានអាជ្ញាធរកាណាដាចាប់ខ្លួន តាមសំណើរបស់សហរដ្ឋអាមេរិក៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម