នាយក Boeing អាចយកពិព័រណ៍អាកាសចរណ៍ប៉ារីស ដើម្បីសុំទោសគ្រប់គ្នា ជុំវិញការធ្លាក់យន្តហោះ 737 MAX ពីរលើកផ្តាច់ជីវិតមនុស្ស៣៤៦នាក់

(ប៉ារីស)៖ ពិព័រណ៍អាកាសចរណ៍អន្តរជាតិនៅទីក្រុងប៉ារីសប្រទេសបារាំង នឹងក្លាយជាឱកាសដ៏ តានតឹងបំផុតមួយសម្រាប់លោក ឌែននីស មុយឡិនប៊ឺដ (Dennis Muilenburg) ខណៈនាយកប្រតិបត្តិ Boeing រូបនេះនឹងត្រូវយកឱកាសទាំងមូល ដើម្បីធានាអះអាងចំពោះ អតិថិជននានាទូទាំងពិភពលោក អំពីការប្តេជ្ញាធររបស់ខ្លួនលើសុវត្ថិភាពនៃការប្រើប្រាស់ យន្តហោះរបស់ក្រុមហ៊ុនអាមេរិកមួយ ប៉ុន្តែដំណោះស្រាយចំពោះយន្តហោះ 737 MAX ហាក់មិនទាន់លេចចេញនូវពន្លឺនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។

បើតាមការបញ្ជាក់ព័ត៌មានកាលពីខែឧសភា ប្រតិបត្តិអាកាសចរណ៍អាមេរិក នៅមិនទាន់អាចបញ្ជាក់អំពីពេលវេលាជាក់លាក់ ជុំវិញការអនុញ្ញាតឲ្យប្រភេទយន្តហោះលក់ដាច់ បំផុតនៅក្នុងប្រវត្តិសាស្ត្រ Boeing គឺយន្តហោះ 737 MAX ដំណើរការហោះហើរជា ប្រក្រតីឡើងវិញ ឬមួយក៏ត្រូវទទួលការកែខៃយ៉ាងណានោះឡើយ ខណៈការស៊ើបអង្កេត ផ្នែកសុវត្ថិភាពជាក់ស្តែងនៅតែកំពុងបន្តនៅឡើយ។

យ៉ាងណាក៏ដោយនាយកប្រតិបត្តិការ Boeing ខាងលើនេះ នៅតែបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះវត្តមានរបស់លោកនៅប៉ារីសយ៉ាងដូច្នេះថា «ពិព័រណ៍អាកាសចរណ៍ គឺជាឱកាសដ៏ល្អ ប្រសើរមួយសម្រាប់ធ្វើការផ្សាភ្ជាប់ជាមួយអតិថិជន អ្នកផ្គត់ផ្គង់ និងក្រុមផលិតយន្តហោះឯទៀតៗ ដើម្បីពង្រឹងភាពជាដៃគូ និងជុំវិញឲ្យមានស្ថិរភាពនៅក្នុង ឧស្សាហកម្មអាកាសចរណ៍...»។ លោកត្រូវបានគេរំពឹងថា នឹងបង្ហាញការសុំទោសជាសាធារណៈ និងប្តេជ្ញាដោះស្រាយបញ្ហាលើយន្តហោះ 737 MAX ឲ្យបានលឿនផងដែរ។

គួរបញ្ជាក់ថា ពិព័រណ៍អាកាសចរណ៍អន្តរជាតិនៅទីក្រុងប៉ារីសប្រទេសបារាំង នឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមិថុនា ដោយមានបណ្តាក្រុមហ៊ុនធំៗនៅទូទាំងពិភពលោក ចូលរួមបង្ហាញសមិទ្ធផលថ្មីលើវិស័យឧស្សាហកម្មនេះ។ ជុំវិញព្រឹត្តិការណ៍នេះ Boeing បានក្លាយជាមុខព្រួញសំខាន់ជាងគេ ព្រោះក្រោយករណីធ្លាក់យន្តហោះ 737 MAX ចំនួនពីរគ្រឿង នៅឥណ្ឌូណេស៊ី និងអេត្យូពីបានផ្តាច់ជីវិតមនុស្ស ៣៤៦នាក់ បានបង្ខំឲ្យយន្តហោះប្រភេទនេះ ត្រូវផ្អាកការធ្វើចរាចរណ៍នៅទូទាំងពិភពលោក៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម