តុលាការ អនុញ្ញាតឲ្យអតីតក្រឡាបញ្ជីសាលាឧទ្ធរណ៍ ដែល ACU ឃាត់ខ្លួនរឿងពុករលួយ នៅក្រៅឃុំតែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ បានសម្រេចឱ្យអតីតក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ម្នាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួននោះ នៅក្រៅឃុំជាបណ្តោះអាសន្នហើយ ប៉ុន្តែដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ នេះបើតាមអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ទេព ធីរិទ្ធ អាយុ៤៦ឆ្នាំ ជាអតីតក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ ដែលត្រូវបាន ACU ឃាត់ខ្លួននោះ ត្រូវបានបញ្ជូនមកតុលាការកាលពីម្សិលមិញ ដោយព្រះរាជអាជ្ញាបានចោទប្រកាន់ពីបទវីតិក្រម។ ជននេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ពៅ សម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ បាននាំខ្លួន លោក ទេព ធីរិទ្ធ យកទៅសួរនាំនៅស្នាក់ការ ACU ពាក់ព័ន្ធនឹងអំពើពុករលួយ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ បានបដិសេធថា ពេលនេះឈ្មោះ ទេព ធីរិទ្ធ ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួននោះ មិនមែនជាក្រឡាបញ្ជីសាលាឧទ្ធរណ៍ទៀតនោះទេ ដោយសារតែឈ្មោះនេះ ត្រូវបានបញ្ឈប់ពីការងារតាំងពីខែមេសាមកម្ល៉េះ។

ទោះជាយ៉ាងនេះក្តី បើតាមអ្នកនាំពាក្យសាលាឧទ្ធរណ៍ គឺឈ្មោះ ទេព ធីរិទ្ធ ទោះបីជាត្រូវបញ្ឈប់ពីការងារ៣ខែហើយយ៉ាងណាក្តី ក៏បុគ្គលនេះ នៅតែឆ្លៀតយកតួនាទីជាក្រឡាបញ្ជីនេះ ទៅប្រព្រឹត្តអំពើខុសឆ្គង៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម