ក្រសួងការពារជាតិចិន៖ «យន្តហោះយោធាចិន និងរុស្ស៊ី មិនដែលហោះរំលោភដែនអាកាសប្រទេសណាឡើយ»

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក វូ កៀន (Wu Qian) បាននិយាយថា យន្ដហោះយោធាចិន និងរុស្ស៊ីមិនបានហោះរំលោភចូលដែនអាកាស នៃប្រទេសណាមួយឡើយ កំឡុងប្រតិបត្តិការហោះល្បាតរួមគ្នាពីលើតំបន់សមុទ្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។

កាលពីថ្ងៃអង្គារ យន្ដហោះយោធារុស្ស៊ី និងចិនជាច្រើនគ្រឿង បានដឹកនាំប្រតិបត្តិការ ហោះល្បាតរួមគ្នាជាលើកដំបូង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក្រោយមកកូរ៉េខាងត្បូងចោទរុស្ស៊ីថា បានរំលោភចូលដែនអាកាសរបស់ខ្លួន រីឯជប៉ុនក៏ចោទប្រកាន់ផងដែរថា យន្ដហោះយោធារុស្ស៊ី និងកូរ៉េខាងត្បូង បានហោះរំលោភចូលក្នុងដែនអាកាសរបស់ខ្លួន នៅពីលើដែនទឹកតំបន់ប្រជុំកោះមួយ ដែលកូរ៉េខាងត្បូងកំពុងគ្រប់គ្រង តែជប៉ុនក៏កំពុងអះអាងកម្មសិទ្ធិផងដែរ។

យ៉ាងណាក៏ដោយ តាមរយៈសន្នីសីទសារព័ត៌មាននៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានទាត់ចោលការចោទប្រកាន់ ពីសំណាក់រដ្ឋាភិបាលទីក្រុងសេអ៊ូល ដោយការលើកឡើងយ៉ាងដូច្នេះថា «នៅអំឡុងហោះល្បាត យន្ដហោះរុស្ស៊ី និងចិនបានគោរពតាមយ៉ាងម៉ឺងម៉ាត់ ចំពោះច្បាប់ និងបទដ្ឋានអន្តរជាតិ ដោយមិនបានហោះរំលោភចូលក្នុងដែនអាកាស នៃប្រទេសណាមួយនោះឡើយ»។

គួរបញ្ជាក់ថា យន្ដហោះចម្បាំងកូរ៉េខាងត្បូងបានអះអាងថា យន្ដហោះទម្លាក់គ្រាប់បែកចិនពីរគ្រឿង និងយន្ដហោះទម្លាក់គ្រាប់បែករុស្ស៊ី ពីរគ្រឿងបានរំលោភចូលដែនអាកាសរបស់ខ្លួន ក្នុងតំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ មិនតែប៉ុណ្ណោះយន្ដហោះចម្បាំងកូរ៉េខាងត្បូង ក៏បានបាញ់ព្រមានយន្ដហោះទម្លាក់គ្រាប់បែករុស្ស៊ីផងដែរ។ ជុំវិញការអះអាងថា យន្តហោះកូរ៉េខាងត្បូងបានបាញ់ព្រមាន​ទៅកាន់យន្តហោះរុស្ស៊ីនេះ ក្រសួងការពារជាតិរុស្ស៊ីបានតបវិញថា វាមិនមែនជាការពិតឡើយ ហើយបើសិនជារុស្ស៊ីត្រូវគេបាញ់មែននោះ ខ្លួនប្រាកដជាបាញ់តបវិញមិនខាន៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម