ឥណ្ឌាចេញមុខបកស្រាយ៖ យើងមិនបានស្នើសហរដ្ឋអាមេរិក ធ្វើជាអាជ្ញាកណ្តាលដោះស្រាយជម្លោះ ជាមួយប៉ាគីស្ថាននោះឡើយ

(ញូដេលី)៖ រដ្ឋាភិបាលទីក្រុងញូដេលី បានច្រានចោលការអះអាងរបស់លោក ដូណាល់ ត្រាំ ដែលថានាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិដ្រា ម៉ូឌី (Narendra Modi) បានស្នើសុំឲ្យលោកធ្វើជាអាជ្ញាកណ្ដាល នៅក្នុងជម្លោះដែនដីកាស្មៀរជាមួយប៉ាគីស្ថាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក រ៉ាវីស គុមារ (Raveesh Kumar) បានបង្ហោះសារលើគណនី Twitter ផ្លូវការរបស់ក្រសួងនៅព្រឹកថ្ងៃអង្គារនេះយ៉ាងដូច្នេះថា «យើងបានឃើញសុន្ទរកថារបស់លោកប្រធានាធិបតី ត្រាំ ដែលអះអាងថា លោកបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើជាអ្នកសម្របសម្រួល ប្រសិនបើមានការស្នើសុំពីឥណ្ឌា និងប៉ាគីស្ថានលើបញ្ហាដែនដីកាស្មៀរ។ ប៉ុន្តែយើងសូមបញ្ជាក់ថា មិនមានសំណើបែបនេះត្រូវបានធ្វើឡើង ដោយនាយករដ្ឋមន្ត្រីឥណ្ឌា ទៅកាន់ប្រធានាធិបតីអាមេរិកឡើយ»។
អ្នកនាំពាក្យរូបនេះដដែលបានបន្ថែមទៀតថា «ឥណ្ឌាមានជំហរយ៉ាងរឹងមាំ ដោយបញ្ហាដែលនៅសល់ទាំងអស់ជាមួយប៉ាគីស្ថាន ត្រូវដោះស្រាយក្នុងក្របខ័ណ្ឌទ្វេភាគី… រីឯកិច្ចព្រមព្រៀងស៊ីមឡា (Shimla) និងសេចក្តីថ្លែងការណ៍ឡាហ័រ (Lahore) កន្លងមក គឺជាមូលដ្ឋានដើម្បីដោះស្រាយបញ្ហាទាំងអស់រវាងឥណ្ឌា និងប៉ាគីស្ថាន»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់រដ្ឋាភិបាលឥណ្ឌា គឺជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបាននិយាយថា ឥណ្ឌាបានស្វែងរកជំនួយពីលោកក្នុងការ ដោះស្រាយបញ្ហាកាស្មៀរជាមួយប៉ាគីស្ថាន។ ការអះអាងបែបនេះរបស់លោក ត្រាំ ធ្វើ ឡើងនៅចំពេលនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីរ៉ាម ខាន់ (Imran Khan) កំពុងបំពេញទស្សនកិច្ចនៅសេតវិមាន នៃរដ្ឋធានីវ៉ាស៊ីនតោន៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម