ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ចេញវីដេអូបង្ហាញពីសមត្ថភាព រឹបអូសកប៉ាល់អង់គ្លេស

(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបញ្ចេញវីដេអូមួយបង្ហាញពីសមត្ថភាព របស់ខ្លួននៅក្នុងប្រតិបត្តិការរឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេស Stena Impero នៅច្រក សមុទ្រ Hormuz។ IRGC ក៏បានអះអាងដែរថា នាវាចម្បាំងអង់គ្លេសមួយគ្រឿង ព្យាយាម ជួយរំដោះកប៉ាល់ដឹកប្រេងនេះ ប៉ុន្តែបានបរាជ័យ។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩។
កាលពីថ្ងៃសុក្រ កងកម្លាំងអ៊ីរ៉ង់បានឃាត់កប៉ាល់ពីរគ្រឿង ចុះបញ្ជីនៅក្នុងប្រទេសលីប៊េរីយ៉ា និងអង់គ្លេស នៅឯច្រក Hormuz ដោយចោទថាកប៉ាល់ទាំង២នេះ រំលោភលើច្បាប់ អន្តរជាតិ។ ប៉ុន្តែ ក្រោយមកកប៉ាល់លីប៊េរីយ៉ា ត្រូវបានដោះលែងវិញ រីឯកប៉ាល់ដឹកប្រេង អង់គ្លេសឈ្មោះ Stena Impero ត្រូវបានបញ្ជូនទៅកាន់កំពង់ផែមួយរបស់ អ៉ីរ៉ង់ខណៈ កប៉ាល់ដឹកប្រេងអ៉ីរ៉ង់មួយគ្រឿងក៏កំពុងស្ថិតនៅក្នុងកណ្ដាប់ដៃ អង់គ្លេសផងដែរ។
ក្រោយការឃាត់ទុកកប៉ាក់អង់គ្លេសបានមួយថ្ងៃ IRGC បានបញ្ចេញវីដេអូមួយនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ដោយបង្ហាញពីសមត្ថភាពកងកម្លាំងរបស់ខ្លួន នៅក្នុងការឡោមព័ទ្ធ និង រឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេស ដោយមានជំនួយពីទូកល្បឿន និងឧទ្ធម្ភាគចក្រយោធា គ្រឿង ដែលបានបញ្ជូនកងកម្លាំងឡើងលើកប៉ាល់ Stena Impero។
គួរបញ្ជាក់ថា ខាងអង់គ្លេស មិនទាន់ធ្វើអត្ថាប្បាយអ្វីឡើយ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោកស្រី Penny Mordaunt អះអាងថា នាវាច្បាំង HMS Montrose នៅចំងាយប្រហែល ៦០នាទី ពីកប៉ាល់ Stena Impero ទើបមិនអាចជួយរំដោះកប៉ាល់នេះទាន់ពេលវេលា៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម