សម្តេចក្រឡាហោម ស ខេង៖ ការប្តឹង សម រង្ស៉ី ជាបណ្តឹងដំបូងក្នុងជីវិត ដើម្បីដាស់តឿនអ្នកនយោបាយ ឱ្យប្រកាន់ខ្ជាប់សីលធម៌ ចៀសវាងប្រឌិតព័ត៌មានញុះញង់

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ការដាក់ពាក្យប្តឹង លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ទៅតុលាការនាថ្មីៗនេះ គឺជាបណ្តឹងលើកដំបូងរបស់សម្តេច ក្នុង១ឆាកជីវិតនេះ។

សម្តេចបានបញ្ជាក់ថា ការដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៉ីនេះ គឺជាការដាស់តឿនស្មារតីដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មាន ដើម្បីញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួន។

សម្តេចក្រឡាហោម បានបញ្ជាក់តាម Facebook យ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនសាធារណជន និងបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបថា ស្ទើរពេញមួយជីវិតរបស់ខ្ញុំមកដល់ពេលនេះ ខ្ញុំមិនដែលជាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់ ឬមានក្តីក្តាំជាមួយបុគ្គលណាមួយឡើយ។ នេះគឺជាពាក្យបណ្ដឹងលើកដំបូងរបស់ខ្ញុំ ដែលខ្ញុំបានសម្រេចប្ដឹងជាលក្ខណៈឯកជនចំពោះបុគ្គល សម រង្ស៊ី។ ការសម្រេចចិត្តដាក់ពាក្យបណ្តឹងនេះ គឺជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មាន ដើម្បីញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួន»។

សម្តេចបានបន្តទៀតថា ពាក្យបណ្តឹងនេះ ក៏ដើម្បីទាមទារយុត្តិធម៌ដល់រូបសម្តេច និងអ្នករងគ្រោះទាំងអស់ដែលត្រូវបានបុគ្គល សម រង្ស៊ី ធ្វើការលាបពណ៌ និងចោទប្រកាន់បំភ្លៃការពិតផងដែរ។

សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់អ្នកនយោបាយទាំងអស់ គប្បីប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ និងមនសិការ ក្នុងសកម្មភាព របស់ខ្លួន ដោយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ជាជាងការប្រព្រឹត្តនូវអំពើដែលនាំឲ្យមានការបែកបាក់ក្នុងសង្គម និងធ្វើឲ្យខាតបង់ដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

សូមបញ្ជាក់ថា ក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ក្នុងពាក្យបណ្តឹងនេះ សម្តេចក្រឡាហោម ស ខេង បានទាមទារឱ្យតុលាការ ចាត់ការលោកសម រង្ស៉ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិក ចំពោះការញុះញង់របស់ លោក សម រង្ស៉ី។

ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពីរឿងមរណភាពរបស់ លោក ហុក ឡង់ឌី។ លោក សម រង្ស៉ី បានមួលបង្កាច់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ហើយភូតទៀតថាពេលនេះ លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពីសម្តេចក្រឡាហោម ស ខេង៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម