ឥណ្ឌាគ្រោងទិញដ្រូនបំបាំងកាយពីអាមេរិក៣០គ្រឿង តែដោយសារអ៊ីរ៉ង់ទើបបាញ់ធ្លាក់មួយគ្រឿង ដូច្នេះឥណ្ឌាទំនងជាត្រូវគិតឡើងវិញសិន...

(ញូដេលី)៖ មានសេចក្តីរាយការណ៍ព័ត៌មានក្នុងប្រទេសឥណ្ឌាថា ទីក្រុងញូដេលីកំពុងតែអង្គុយគិតឡើងវិញ អំពីការទិញយន្តហោះដ្រូន ៣០គ្រឿងពីសហរដ្ឋអាមេរិកក្នុងតម្លៃសរុប ០៦ពាន់លានដុល្លារ ក្រោយយន្តហោះដ្រូនដ៏ទំនើបប្រភេទនេះរបស់អាមេរិក ត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់ចោល នៅតំបន់ឈូងសមុទ្រពែកកាលពីខែមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានឥណ្ឌា Hindustan Times ដែលផ្អែកលើប្រភពពីយោធាឥណ្ឌា កងទ័ពអាកាសឥណ្ឌាបច្ចុប្បន្នកំពុងមានការព្រួយបារម្ភ ជាពិសេស អំពីប្រសិទ្ធភាព និងសមត្ថភាពរបស់យន្តហោះដ្រូនអាមេរិកថា តើអាចគួរឲ្យ ទុកចិត្តបានដែរឬទេ បើប្រើនៅលើដែនអាកាសតាមបណ្តោយព្រំដែនឥណ្ឌា ជាប់នឹងប៉ាគីស្ថានព្រមទាំងចិន ដែលនៅតំបន់នោះទីក្រុងញូដេលីបានអះអាងថា អាចមានបំពាក់ប្រព័ន្ធមីស៊ីល SAM (បាញ់ពីផ្ទៃដីឆ្ពោះទៅរកគោលដៅនៅផ្ទៃអាកាស) ទំនើបៗ។

ប្រភពខាងលើដដែលបានលើកឡើងថា ការដែលយោធាអាមេរិកហាក់ទទួលបានជោគជ័យ ក្នុងការប្រើប្រាស់យន្តហោះដ្រូន នៅក្នុងប្រទេសដូចជា អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន អ៊ីរ៉ាក់ និងស៊ីរី ជាដើមនោះ គឺដោយសារតែដែនអាកាសនៃប្រទេសទាំងនោះ គឺគ្រប់គ្រងដោយឥទ្ធិពលទ័ពអាកាសរបស់សហរដ្ឋអាមេរិកទៅហើយ។

គួរជម្រាបថា កាលពីថ្ងៃទី២០ ខែមិថុនា យោធាអ៊ីរ៉ង់បានអះអាងថា ពួកគេបានបាញ់ធ្លាក់យន្តហោះដ្រូនធុន RQ-4 Global Hawk ដែលជាប្រភេទស៊ើបការណ៍របស់យោធាអាមេរិក ព្រោះបានហោះចូលដែនអាកាសនៃខេត្ត Hormuzgan របស់អ៊ីរ៉ង់។ បើតាមការអះអាង គឺអ៊ីរ៉ង់អាចបាញ់ទម្លាក់បានទាំងវាកំពុងស្ថិតក្នុងសភាពបំបាំងកាយ (លាក់ខ្លួនពីរ៉ាដាទូទៅ)។
យ៉ាងណាមិញ យោធាអាមេរិកបានប្រកែកថា យន្តហោះដ្រូនរបស់ខ្លួន គឺត្រូវបានអ៊ីរ៉ង់បាញ់ពេលកំពុងធ្វើប្រតិបត្តិការ លើដែនអាកាសអន្តរជាតិលើច្រកសមុទ្រ Hormuz។ ហេតុការណ៍នោះបានដុតកម្តៅភាពតានតឹងរវាងប្រទេសទាំងពីរ ឲ្យកាន់តែក្តៅខ្លាំងឡើង៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម