រុស្ស៊ីនឹងបង្កើតមូលដ្ឋានឈរជើងនៅឋានព្រះច័ន្ទ ដោយប្រើប្រាស់ធនធានលើព្រះច័ន្ទផ្ទាល់តែម្តង

(ម៉ូស្គូ)៖ មូលដ្ឋាននាថ្ងៃអនាគតរបស់រុស្ស៊ីនៅលើឋានព្រះច័ន្ទ នឹងធ្វើប្រតិបត្តិការដោយផ្អែកលើធនធាននៅទីនោះស្រាប់ ហើយប្រើប្រាស់នូវអគារលក្ខណៈជា 3D-Print ដែលអាចទ្រទ្រង់ក៏ដូចជាទទួលឲ្យអវកាសយានិក​ស្នាក់នៅបានច្រើនគ្នា។ នេះបើតាម ការប្រកាសរបស់ទីភ្នាក់ងារ​អវកាសរុស្ស៊ី Roscosmos ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន RT នៅរសៀលថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។

កន្លងមករុស្ស៊ីមិនបានលាក់បាំងពីមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើតមូលដ្ឋានមួយនៅលើផ្ទៃព្រះច័ន្ទនោះទេ ប៉ុន្តែពុំមានការបញ្ជាក់ ព័ត៌មានលម្អិតច្រើនទាក់ទងនឹងគម្រោងនេះឡើយ។ កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារអវកាស Roscosmos បានបង្ហើបឲ្យដឹងខ្លះៗ​អំពីផែនការរបស់ខ្លួនថា ដំណើរការសាងសង់មូលដ្ឋានព្រះច័ន្ទ នឹងចាប់ផ្តើមក្រោយបេសកកម្មបញ្ជូនអវកាសយានិក ដែលមានរយៈពេលខ្លីៗទៅកាន់ឋានព្រះច័ន្ទ ហើយមូលដ្ឋាននោះនឹងត្រូវ បង្កើតឡើងព្រមទាំងដំណើរការដោយប្រើប្រាស់ធនធាន ដែលមានក្នុងតំបន់ស្រាប់រួមជាមួយ បច្ចេកវិទ្យា 3D-Printing។

យ៉ាងណាមិញ Roscosmos មិនបានកំណត់កាលបរិច្ឆេទ ជាក់លាក់សម្រាប់គោលដៅនេះឡើយ ប៉ុន្តែបានលើកឡើងថា វាអាចក្លាយជាការពិតនៅឆ្នាំ២០៤០ ខណៈដែលកាលកំណត់នេះ​ត្រូវបានអង្គការកំណត់យក ដើម្បីកសាងមូលដ្ឋានលើភពអង្គារផងដែរ។

គួរជម្រាបថា ទីភ្នាក់ងារអវកាសរុស្ស៊ី Roscomos បានចូលរួមជាមួយទីភ្នាក់ងារអវកាស​របស់ប្រទេសដទៃៗទៀតរួមមាន NASA ផងដែរ ពាក់ព័ន្ធការអភិវឌ្ឍស្ថានីយអវកាស Gateway នៅក្បែរព្រះច័ន្ទ ដែលនឹងដើរតួនាទីជាកន្លែងមួយសម្រាប់ការចេញ បេសកកម្មចុះទៅលើផ្ទៃព្រះច័ន្ទ និងឆ្ពោះទៅកាន់តំបន់ផ្សេងៗទៀត ហើយក៏អាចឲ្យយានអវកាសចូលចាក់ឥន្ធនៈបន្តបានដែរ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម