ទីបំផុតសហរដ្ឋអាមេរិកធ្វើការអនុញ្ញាតជាផ្លូវការ ឲ្យក្រុមហ៊ុននានាលក់ផលិតផលឲ្យ Huawei ឡើងវិញ ប៉ុន្តែត្រូវស្ថិតក្នុងលក្ខខណ្ឌ...

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកបានចាប់ផ្តើមបើកចំហឲ្យក្រុមហ៊ុនអាមេរិក ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណសម្រាប់ការលក់ផលិតផលបច្ចេកវិទ្យាទូទៅ ដែលមិនប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិទៅឲ្យក្រុមហ៊ុនចិន Huawei បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចរឿងនេះក្រោយជំនួបជាមួយប្រធានាធិបតីចិន ស៊ីន ជិនពីង នៅទីក្រុងអូសាកា ប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩។

នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ទីប្រឹក្សាសេដ្ឋកិច្ចជាតិអាមេរិក លោក ឡារី ឃូដឡូ (Larry Kudlow) បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «វាជារឿងល្អខ្លាំងណាស់ ដែលយើងកំពុងបើកចរចាឡើងវិញជាមួយចិន... ពួកយើងនឹងមិនដកចេញ វិញនូវការដំឡើងពន្ធទំនិញ កំឡុងកិច្ចពិភាក្សាទាំងនេះឡើយ ប៉ុន្តែយើងបានបើកចំហខ្លះៗ នូវការដាក់ពាក្យសុំអាជ្ញាប័ណ្ណនាំចេញ ចំពោះផលិតផលបច្ចេកវិទ្យាទូទៅ ដែលមិនប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ»។

លោក Kudlow បានបន្ថែមថា រដ្ឋាភិបាលអាមេរិកសង្ឃឹមថា ចិននឹងគោរពតាមពាក្យសន្យារបស់ខ្លួន តាមរយៈការបន្តទិញផលិតផលអាមេរិក ក្នុងវិស័យឧស្សាហកម្ម និងថាមពល ហើយជាពិសេសនោះគឺផលិតផលវិស័យកសិកម្មឡើងវិញ ដែលបានទទួលរងការប៉ះពាល់ជាខ្លាំង ដោយសារសង្រ្គាមពាណិជ្ជកម្មរបស់លោក ត្រាំ។

លោក Kudlow បានលើកឡើងទៀតថា ប្រធានទីភ្នាក់ងារពាណិជ្ជកម្មអាមេរិក USTR លោក រ៉ូប៊ឺត ឡៃធីហ្ស៊ឺ (Robert Lighthizer) ព្រមទាំងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក ស្ទេវិន ម៉ានូឈីន (Steven Mnuchin) នឹងជាប់រវល់ជាខ្លាំងកំឡុងសប្តាហ៍ក្រោយនេះ ព្រោះត្រូវរៀបចំជំនួបជាមួយភាគីចិន ដើម្បីបន្តកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងឱកាសជួបមុខគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំឡុងកិច្ចប្រជុំកំពូល G20 បានប្រកាសថា លោកនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកបន្តលក់បរិក្ខាបច្ចេកវិទ្យាទៅឲ្យ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ឡើងវិញប្រសិនបើសម្ភារៈទាំងនោះ មិនបង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។

យ៉ាងណាមិញ ក្រុមហ៊ុន Huawei មិនទាន់ត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិក លុបឈ្មោះចេញពីបញ្ជីខ្មៅនៅឡើយទេ ដោយត្រូវរង់ចាំលទ្ធផលចរចាបន្តបន្ទាប់ទៀត​នាពេលអនាគត។ គ្រប់គ្នាបានដឹងថា អ្វីដែលសហរដ្ឋអាមេរិកកំពុងព្យាយាមរារាំងបំផុតចំពោះ Huawei នោះគឺការលក់បច្ចេកវិទ្យា 5G ដោយសារតែក្រុមហ៊ុនចិនមួយនេះ កំពុងតែឈរនៅលេខរៀងទី ១ នៅលើពិភពលោក៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម