ក្រុមហ៊ុន Huawei ទន្ទឹងរង់ចាំពាក្យសន្យារបស់លោក ដូណាល់ ត្រាំ ហើយសង្ឃឹមថាការរឹតបន្តឹង នឹងត្រូវដកចេញទាំងអស់

(ប៉េកាំង)៖ ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei លោក លៀង ហ័រ (Liang Hua) នាថ្ងៃសុក្រនេះបាននិយាយថា ក្រុមហ៊ុនលោកនៅតែកំពុងរង់ចាំមើល លទ្ធផលនៃពាក្យសន្យា កាលពីខែមិថុនារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថានឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិក លក់ផលិតផលបច្ចេកវិទ្យាមួយចំនួនមកឲ្យ Huawei ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ Sputnik នៅល្ងាចថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

លោក Liang បាននិយាយថា មកទល់ពេលនេះលោកមិនទាន់ឃើញមាន ភាពប្រែប្រួលជាក់ស្តែងណាមួយនៅឡើយទេ ហើយក្នុងឱកាសនោះលោកបានទទូចឲ្យ សហរដ្ឋអាមេរិកពិចារណាឡើងវិញចំពោះការសម្រេចចិត្ត ដែលពុំមានតម្លាភាព និងអយុត្តិធម៌ក្នុងការដាក់បញ្ជូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅផងដែរ ពោលគឺលោកចង់ឲ្យអាមេរិកឲ្យដក Huawei ចេញពីបញ្ជីខ្មៅវិញតែម្តង ដោយមិនមែនត្រឹមជាការអនុគ្រោះឲ្យក្រុមហ៊ុនអាមេរិក លក់ផលិតផលឲ្យ Huawei វិញនោះឡើយ។

គួរជម្រាបថា បន្ទាប់ពីសម្រេចដាក់ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មអាមេរិក កាលពីខែឧសភា ក្រោមហេតុផលសន្តិសុខជាតិ លោក ត្រាំ ក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅជប៉ុនកាលពីចុងខែមិថុនា បានយល់ព្រមឲ្យក្រុមហ៊ុន អាមេរិកបន្តលក់ផលិតផលបច្ចេកវិទ្យាទាំងឡាយណា ដែលរដ្ឋាភិបាលអាមេរិកកំណត់ថា មិនប៉ះពាល់ដល់សន្តិសុខជាតិ ទៅឲ្យក្រុមហ៊ុន Huawei ប៉ុន្តែអាមេរិកមិនទាន់សម្រេចថា នឹងដក Huawei ចេញពីបញ្ជីខ្មៅទាំងស្រុងឡើយ។

ដោយឡែកក្រោយពីប៉ុន្មានថ្ងៃដែលលោក ដូណាល់ ត្រាំ បានធ្វើការសន្យាជាមួយ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅប្រទេសជប៉ុន ក្រសួងពាណិជ្ជកម្មអាមេរិកបានអះអាងថា ខ្លួនកំពុងតែរៀបចំរឿងនេះ ហើយរាល់ក្រុមហ៊ុនអាមេរិកដែលចង់លក់ឲ្យផលិតឲ្យ Huawei គឺអាចដាក់ពាក្យស្នើសុំមកកាន់ក្រសួងដើម្បីពិនិត្យមើលបាន ដើម្បីពិចារណាថាតើផលិតផល ទាំងនោះនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិអាមេរិកដែរ ឬទេ។

ជាចុងក្រោយលោក Liang បានគូសបញ្ជាក់ថា ការបន្តដាក់ក្រុមហ៊ុន Huawei នៅក្នុងបញ្ជីខ្មៅ នឹងនៅតែជះផលអាក្រក់ដល់ក្រុមហ៊ុនអាមេរិក ដែលជាអ្នកផ្គត់ផ្គង់របស់ Huawei ហើយវាក៏ប៉ះពាល់ដល់អតិថិជននៅជុំវិញពិភពលោកផងដែរ។ បើតាមការលើកឡើងនាពេល កន្លងមករបស់បិតាស្ថាបនិក និងជានាយកប្រតិបត្តិ Huawei គឺលោក រិន ចេងហ្វៃ (Ren Zhengfei) ការសម្រេចចិត្តបន្ទន់ឥរិយាបថរបស់លោក ត្រាំ នៅជប៉ុន គឺដើម្បីតែផលប្រយោជន៍របស់ក្រុមហ៊ុនអាមេរិកប៉ុណ្ណោះ ព្រោះបញ្ហានេះមិនត្រឹមប៉ះពាល់ដល់ Huawei ផ្ទាល់ទេ តែក៏ធ្វើឲ្យក្រុមហ៊ុនអាមេរិកប្រឈមការខាតបង់ផងដែរ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម