តួកគីហាក់ដូចជាលែងខ្វល់នឹងទណ្ឌកម្មអាមេរិក ដោយគិតតែប្រឹងដំឡើង S-400 ឲ្យរួចរាល់នៅឆ្នាំ២០២០

(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ (Tayyip Erdogan) នាដើមសប្តាហ៍នេះបានឲ្យដឹងថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលទើបទទួលបានពីប្រទេសរុស្ស៊ី នឹងត្រូវដំឡើងពេញលក្ខណៈទាំងស្រុងនៅខែមេសា ឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។

គ្រឿងបរិក្ខាផ្សេងៗនៃប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ដែលទីក្រុងអង់ការ៉ា បានចុះកិច្ចព្រមព្រៀងទិញក្នុងតម្លៃរាប់ពាន់លានដុល្លារ កាលពីប៉ុន្មានឆ្នាំមុននោះ ទីបំផុតត្រូវបានប្រគល់ដល់ដៃតួកគី ខណៈយន្តហោះខ្នាតធំចំនួន ០៨គ្រឿង ត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនសម្ភារៈទាំងអស់នោះ។

លោក Erdogan បានគូសបញ្ជាក់ថា ដំណើរការដំឡើងកំពុងតែចាប់ផ្តើមជាបណ្តើរៗហើយ តែទម្រាំមានលក្ខណៈពេញលេញទាំងស្រុង គឺអាចដល់ខែមេសា ឆ្នាំ២០២០ ទើបហើយជាស្ថាពរ។ ការលើកឡើងរបស់លោកបែបនេះ ហាក់ដូចជាបង្ហាញថា តួកគីលែងខ្វាយខ្វល់នឹងការគំរាមដាក់ទណ្ឌកម្ម របស់អាមេរិកទៀតហើយ និងថែមទាំងបានព្រលយពាក្យសម្តីកាលពីថ្ងៃម្សិលមិញនេះទៀតថា អំណាចដាក់ទណ្ឌកម្ម គឺស្ថិតនៅលើលោក ដូណាល់ ត្រាំ ហើយលោក ត្រាំ ក៏មានសិទ្ធិមិនដាក់ទណ្ឌកម្មលើតួកគីដែរ។

គួរជម្រាបថា ការដែលតួកគីនៅតែចចេសទិញក៏ដូចជាទទួលយក ប្រព័ន្ធមីស៊ីលការពារអាកាសនេះរបស់រុស្ស៊ី បានបង្កឲ្យមានភាព តានតឹងជាខ្លាំងជាមួយសហរដ្ឋអាមេរិក ព្រោះទីក្រុងអង់ការ៉ាក៏មានកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ពីអាមេរិកដែរ ប៉ុន្តែលោក Erdogan ទើបតែបានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រហែលជាអាចស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយភាពតានតឹងនេះបាន៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម