យោធាអ៊ីរ៉ង់ទម្លាយ៖ «មកពីអាមេរិកខ្លាចអំណាចអ៊ីរ៉ង់ដែរ ទើបក្រោយការបាញ់ទម្លាក់ដ្រូនហើយ អាមេរិកនៅតែមិនអាចវាយប្រហារអ៊ីរ៉ង់»

(តេហេរ៉ង់)៖ កាលពីប៉ុន្មានខែមុនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា លោកបានសម្រេចចិត្តលុបចោល បទបញ្ជាឲ្យបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដើម្បីសងសឹកការបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក។ ប៉ុន្តែឥឡូវមន្រ្តីយោធាជាន់ខ្ពស់ របស់អ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ហូស្សេន បាកហឺរី (Mohammad Hossein Bagheri) បានលើកឡើងនូវហេតុផលពិតប្រាកដ នៅពីក្រោយការសម្រេចចិត្តបែបនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។

នាថ្ងៃពុធសប្តាហ៍នេះលោក Bagheri បាននិយាយថា ទោះបីលោក ត្រាំ អះអាងថា លោកបានបញ្ឈប់ការបើកប្រតិបត្តិការ វាយប្រហារមកលើអ៊ីរ៉ង់កាលពីខែមិថុនា ព្រោះតែហេតុផលនឹងមានមនុស្សស្លាប់ច្រើនក៏ដោយ ក៏វាមិនមែនជាមូលហេតុចម្បងនៅពី ក្រោយការសម្រេចចិត្តនោះឡើយ។ មន្រ្តីយោធាជាន់ខ្ពស់អ៊ីរ៉ង់រូបនេះបានគូសបញ្ជាក់ថា គឺមកពីអាមេរិកខ្លាចអានុភាពរបស់អ៊ីរ៉ង់ដែរ ពោលគឺទីក្រុងវ៉ាស៊ីនតោនមិនខ្លាចអំណាចអ៊ីរ៉ង់ទេនោះ តាមពិតនឹងបើកការវាយប្រហារបាត់ទៅហើយ មិនមែនជីវិតមនុស្សត្រឹម ១៥០នាក់អាចឃាត់អាមេរិកបានទេ។

គួរជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០១៩ យោធាអ៊ីរ៉ង់បានបាញ់ទម្លាក់ យន្តហោះដ្រូនស៊ើបការណ៍មួយគ្រឿងរបស់អាមេរិកធុនធំ RQ-4 Global Hawk ដែលទីក្រុងតេហេរ៉ង់អះអាងថា វាបានបំពានចូលក្នុងដែនអាកាសនៃខេត្ត ហ័រមូសហ្គាន់ (Hormozgan) របស់ខ្លួន តែខាងយោធាអាមេរិកវិញបានប្រកែកថា យន្តហោះដ្រូននោះត្រូវបានគេបាញ់ទម្លាក់ ពេលកំពុងធ្វើប្រតិបត្តិការលើដែនទឹកអន្តរជាតិ នៅច្រកសមុទ្រ ហ័រមូស (Hormuz)។ ក្រោយកើតមានហេតុការណ៍នេះ លោក ត្រាំ ពីដំបូងឡើយបានបញ្ជាឲ្យយោធាអាមេរិក វាយប្រហារលើទីតាំងមួយចំនួននៅប្រទេសអ៊ីរ៉ង់ ប៉ុន្តែ ១០នាទីមុនបញ្ជានេះត្រូវអនុវត្ត លោកក៏សម្រេចលុបចោលវិញក្រោយដឹងថា ជនជាតិអ៊ីរ៉ង់ប្រមាណ ១៥០នាក់នឹងត្រូវបាត់បង់ជីវិត៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម