សហរដ្ឋអាមេរិក យល់ព្រមលក់មីស៊ីលមានតម្លៃ ៣.៣ពាន់លានដុល្លារឱ្យជប៉ុន
(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់មីស៊ីលមានតម្លៃជាង ៣.៣ពាន់លានដុល្លារឱ្យទៅប្រទេសជប៉ុន ដែលកំពុងព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ ក្រោយ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ចូលក្នុងសមុទ្រជប៉ុន។ នេះបើតាមទីភ្នាក់ងារ មន្ទីរបញ្ចកោណ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ សន្តិសុខការពារជាតិ នៃមន្ទីរបញ្ចកោណ បានគូសបញ្ជាក់ដូច្នេះថា៖« ការលក់មីស៊ីលឱ្យប្រទេសជប៉ុន នឹងគាំទ្រដល់គោលនយោបាយការបរទេស រួមទាំងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈ ការជួយពង្រឹងសមត្ថភាពការពារជាតិ និងសន្តិសុខនៃសម្ព័ន្ធមិត្តដ៏ធំដូចជាជប៉ុន ដើម្បីចូលរួមចំណែក ថែរក្សាស្ថេរភាព និងកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារខាងលើដដែល កិច្ចព្រមព្រៀងបឋមលើការលក់មីស៊ីលឱ្យជប៉ុន គឺផ្តោតជា សំខាន់លើការលក់មីស៊ីលប្រភេទ Standard Missile-3 និងប្រព័ន្ធមីស៊ីល MK 29 Canisters ៕
Comments