ទីបំផុតអភិបាលក្រុងហុងកុងចេញមុខអះអាងថា «មិនចុះចេញពីតំណែងជាដាច់ខាត» ចំពោះមុខបាតុកម្មដ៏ក្តៅគគុក!

(ហុងកុង)៖ ខណៈបាតុកម្មនៅតែបន្តធ្វើឲ្យកក្រើកទីក្រុងហុងកុង អភិបាលតំបន់ស្វយ័តពិសេសរបស់ចិនមួយនេះ គឺលោកស្រី ខារី ឡាំ (Carrie Lam) បានសម្តែងការប្តេជ្ញាថា លោកស្រីនឹងមិនចុះពីតំណែងជាដាច់ខាត ក៏ប៉ុន្តែនឹងខំប្រឹងប្រែងស្តារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងហុងកុងឲ្យបានឡើងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។
ក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃចន្ទនេះ លោកស្រី Lam បាននិយាយដូច្នេះថា «សកម្មភាពបាតុកម្មតវ៉ាថ្មីៗនេះ បានបង្កជាអំពើហិង្សាឥតឈប់ឈរ ហើយទង្វើគួរឲ្យព្រួយបារម្ភទាំងនេះ បានបន្តហួសហេតុដែលមិនមែនសំដៅតែប្រឆាំងនឹងច្បាប់ ស្តីពីការធ្វើបត្យាប័នទៀតនោះឡើយ គឺក្រុមអ្នកតវ៉ាទាំងអស់នោះ កំពុងតែរុញច្រានទីក្រុងហុងកុង ឲ្យឆ្ពោះទៅរកស្ថានការណ៍យ៉ាងគ្រោះថ្នាក់ជាទីបំផុត»។
លោកស្រី Lam បានបន្ថែមថា ការចុះចេញពីតំណែងរបស់មន្រ្តីលោកស្រី ឬក៏របស់លោកស្រីផ្ទាល់ នឹងមិនអាចជួយស្ថានការណ៍បច្ចុប្បន្នឡើយ ខណៈអ្វីដែលគួរផ្តោតសំខាន់ គឺលោកស្រីត្រូវដឹកនាំទីក្រុងហុងកុង ចេញពីស្ថានការណ៍ដ៏យ៉ាប់យឺនបច្ចុប្បន្ន។ លោកស្រី Lam ក៏បានថ្លែងការពារការប្រព្រឹត្ត របស់កម្លាំងសមត្ថកិច្ចទីក្រុងហុងកុងផងដែរ កំឡុងការទប់ទល់នឹងសកម្មភាពតវ៉ានាពេលកន្លងមក។ លោកស្រីបានបញ្ជាក់ថា វាគឺជារឿងចាំបាច់ដើម្បីការពារច្បាប់ និងសណ្តាប់ធ្នាប់ ព្រមទាំងធានាសុវត្ថិភាពជារួមក្នុងទីក្រុងហុងកុង។
គួរជម្រាបថា នាថ្ងៃចន្ទនេះជើងហោះហើរដល់ទៅជាង ២០០ ត្រូវបានលុបចោលក្នុងទីក្រុងហុងកុង ដែលជាទីតាំងដ៏មមាញឹកបំផុតមួយនៅលើពិភពលោក ហើយនៅតាមស្ថានីយរថភ្លើង ក៏មានការកកស្ទះផងដែរ ដោយសារតែការបន្តបង្កើនសកម្ម ភាពតវ៉ារបស់ក្រុមបាតុករ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម