អត្ដពលិក​កីឡា​វូស៊ូ​វ័យចាស់​កម្ពុជា ឈ្នះ​មេដាយ​អន្ដរជាតិ ២១គ្រឿង នៅកូរ៉េ

(ភ្នំពេញ)៖ អត្តពលិកកីឡាវូស៊ូវ័យចាស់របស់កម្ពុជា បានបញ្ចប់បេសកកម្មចូលរួមប្រកួតលក្ខណៈអន្ដរជាតិ នៃព្រឹត្តិការណ៍ The 1th JESU International Korea Open WUSHU Championship 2019 នៅសាធារណៈរដ្ឋកូរ៉េ ដោយជោគជ័យ ក្រោយដណ្ដើមបានមេដាយសរុប ២១គ្រឿង អមដោយពានជាក្រុម ១គ្រឿងទៀតផង ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធ នៅរសៀលថ្ងៃសៅរ៍នេះ ។

អគ្គលេខាធិការសហព័ន្ធខាងលើ បានឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិខាងលើ បានធ្វើឡើងកាលពីថ្ងៃទី២៣-២៧ ខែសីហា នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ ដោយមានអត្តពលិក ១០ប្រទេសចូលរួម ដូចជាឥណ្ឌូនេស៊ី តៃវ៉ាន់ ហុងកុង ប្រេស៊ីល គុយបា នេប៉ាល់ ចិន ជប៉ុន ម៉ាឡេស៊ី និងកម្ពុជា ។ ក្នុងនោះដែរ សហព័ន្ធកីឡាវូស៊ូកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីវ័យចាស់របស់ខ្លួន ១២នាក់ទៅចូលរួម ។

ជាលទ្ធផលការប្រកួត អត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាស ៨, មេដាយប្រាក់ ៧, មេដាយសំរឹទ្ធ ៦ និងទទួលបានពានជាក្រុម ១គ្រឿងផងដែរ ។ នេះគឺជាសមិទ្ធផលថ្មីមួយ ដែលកីឡាករ-កីឡាការិនីវ័យចាស់កម្ពុជា ដណ្ដើមបានជូនជាតិ និងបង្ហាញពីសក្ដានុពលកីឡាវូស៊ូកម្ពុជាទៅលើឆាកអន្ដរជាតិ ក៏ដូចជាផ្ដល់ភាពជាគំរូដ៏ល្អសម្រាប់កីឡាករ-កីឡាការិនីវ័យក្មេងទៀតផង ។ លោក ម៉ៅ ចន្ថាវុធ បន្ថែម ។

គួរដឹងថា ក្រោយបញ្ចប់បេសកកម្មខាងលើ សហព័ន្ធកីឡាវូស៊ូកម្ពុជា នៅមានភារកិច្ចចំពោះមុខដ៏សំខាន់មួយទៀត គឺការត្រៀមបញ្ជូនអត្តពលិកចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ខណៈសហព័ន្ធបានត្រៀមកីឡាករ-កីឡាការិនី ៥រូប ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ ។ ចំពោះការប្រកួតគ្រោងនឹងធ្វើឡើង ពីថ្ងៃទី៣០ ខែវិច្ឆកា ដល់ថ្ងៃទី១១ ខែធ្នូចុងឆ្នាំនេះ៕





Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !