ចិនមានអំណាចធ្វើឲ្យតម្លៃប្រេងសកលដាំក្បាលចុះយ៉ាងគំហុក, នេះបើតាមធនាគារអាមេរិកព្រមាន

(បរទេស)៖ ស្របពេលសង្រ្គាមពាណិជ្ជកម្មហាក់មានភាពតានតឹងឡើងវិញ ធនាគារអាមេរិក (Bank of America) បានព្រមានថា ចិនមានសមត្ថភាពធ្វើឲ្យថ្លៃប្រេងក្នុងទីផ្សារអន្តរជាតិ ដាំក្បាលចុះយ៉ាងគំហុកបាន តាមរយៈការទិញប្រេងពីប្រទេសអ៊ីរ៉ង់។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។

បើតាមធនាគារ Bank of America ការកើនឡើងកម្តៅជាថ្មីនៃសង្រ្គាមពាណិជ្ជកម្ម​របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាមួយនិងប្រទេសចិន បានជះផលប៉ះពាល់រួចជាស្រេចហើយ ទៅលើបណ្តាញផ្គត់ផ្គង់ផលិតផល និងទីផ្សារភាគហ៊ុន នៅជុំវិញពិភពលោក ហើយវាអាចនឹងធ្វើឲ្យថ្លៃប្រេងធ្លាក់ចុះក្រោម ៣០ដុល្លារក្នុងមួយបារ៉ែលទៅទៀត បើចិនសម្រេចទិញប្រេងពីអ៊ីរ៉ង់ ដោយគ្មានញញើតទណ្ឌកម្មរបស់អាមេរិក។

គួរជម្រាបថា ក្រោយដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់ឡើងវិញ ជាពិសេសប្រឆាំងនឹងវិស័យដ៏សំខាន់ គឺការនាំចេញផ្នែកថាមពល ដោយទីក្រុងវ៉ាស៊ីនតោនមានគោលដៅ ដាក់កំហិតលើការនាំចេញប្រេង​របស់អ៊ីរ៉ង់ ឲ្យធ្លាក់ចុះមកនៅកម្រិតសូន្យតែម្តង។

ចំណែកឯសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានវិលទៅរកភាពតានតឹងជាថ្មីបន្ទាប់ពីលោក ត្រាំ បានគំរាមដំឡើងពន្ធក្នុងអត្រា ១០ភាគរយលើទំនិញទំហំ ៣០០ពាន់លានដុល្លារផ្សេងទៀត ដែលនាំចូលពីប្រទេសចិន ខណៈទីក្រុងប៉េកាំងបានបង្គាប់ឲ្យ ក្រុមហ៊ុនខ្លួនផ្អាកការទិញផលិតផល​កសិកម្មពីសហរដ្ឋអាមេរិកវិញ។ ក្រុមអ្នកវិភាគមួយចំនួនបានព្រមានថា សង្គ្រាមពាណិជ្ជកម្មនេះ​មើលទៅដូចជាប្រទេសចិនកំពុងរងគ្រោះខ្លាំងជាងអាមេរិក ប៉ុន្តែបើសិនជាចិនអាចស៊ូទ្រាំ និងដោះស្រាយបញ្ហាបានប្រសើរឡើងវិញនោះ សហរដ្ឋអាមេរិកទៅវិញទេ ដែលនឹងក្លាយជាអ្នករងគ្រោះធ្ងន់ធ្ងរបំផុត៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម