ទីបំផុតសន្ធិសញ្ញានុយក្លេអ៊ែរ INF រវាងអាមេរិក និងរុស្ស៊ីត្រូវរលាយសាបសូន្យជាផ្លូវការ ចំពោះមុខការព្រមានរឿងរត់ប្រណាំងសព្វាវុធដ៏អាក្រក់

(វ៉ាស៊ីនតោន)៖ ថ្ងៃសុក្រនេះសហរដ្ឋអាមេរិកបានសម្រេចដកខ្លួនជាផ្លូវការ ចេញផុតពីសន្ធិសញ្ញាហាមប្រាមការរីកសាយអាវុធនុយក្លេអ៊ែរ INF ជាមួយរុស្ស៊ីហើយ ក្រោយការចាប់ផ្តើមនីតិវិធីកាលពី០៦ខែមុន ខណៈអ្នកជំនាញនានាបានព្រមានរួចហើយថា ការរត់ប្រណាំងសព្វាវុធរវាងមហាយក្សយោធាទាំងពីរ នឹងកាន់តែអាក្រក់ខ្លាំឡើងពេលអត់ INF។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០១៩។

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមដំណើរការដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញា INF កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដោយចោទប្រកាន់ថា រុស្ស៊ីបានលួចអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីល ដែលរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង អន្តរជាតិនេះ។ ជាការឆ្លើយតបទីក្រុងម៉ូស្គូ បានច្រានចោលការចោទប្រកាន់ និងបានយកម្រាមដៃចង្អុលដាក់អាមេរិកវិញថា ប្រព័ន្ធមីស៊ីលអេជីសអាហ្ស័រ (Aegis Ashore) អាមេរិកដែលមានឈ្មោះជាប្រព័ន្ធការពារខ្លួននោះ តាមពិតអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ សម្រាប់ធ្វើការវាយប្រហារលើប្រទេសដទៃបាន ដែលប្រការនេះគឺរំលោភសន្ធិសញ្ញា INF។ ក្រោយអាមេរិកចាប់ផ្តើមប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក៏បានបញ្ជាឲ្យ រុស្ស៊ីផ្អាកការគោរពកិច្ចព្រមព្រៀងនេះដូចគ្នា។

យ៉ាងណាមិញ ក្នុងសប្តាហ៍នេះ លោក ត្រាំ បានបង្ហាញឆន្ទៈក៏ដូចជាក្តីសង្ឃឹមថា លោកចង់ចរចាសន្ធិសញ្ញាថ្មី ដើម្បីជំនួស INF។ រីឯអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) ក៏ចេញមុខទទូចឲ្យភាគីទាំងសងខាង ជៀសវាងការបង្កសកម្មភាពគ្រោះថ្នាក់ទាំងឡាយ ក្រោយសន្ធិសញ្ញាដ៏សំខាន់នេះ រលាយសាបសូន្យទៅផងដែរ។

គួរជម្រាបថា សន្ធិសញ្ញា INF ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ រវាងលោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ដែលកាលនោះជាប្រធានាធិបតីអាមេរិក និងលោក មីឃែល ហ្គោបាឆេវ (Mikhail Gorbachev) ដែលជាអគ្គលេខាធិការនៃអតីតសហភាពសូវៀត។ សន្ធិសញ្ញានេះបានហាមមិនឲ្យមានការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ដែលបាញ់ចេញផ្ទៃដី និងមានចម្ងាយវាយប្រហារពី ៥០០-៥,៥០០គីឡូម៉ែត្រឡើយ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម