ចំពោះមុខសភាសហរដ្ឋអាមេរិក មេបាតុករហុងកុងស្នើឲ្យដាក់សម្ពាធបន្ថែមលើទីក្រុងប៉េកាំង!

(វ៉ាស៊ីនតោន)៖ មេដឹកនាំបាតុករវ័យក្មេងនៃទីក្រុងហុងកុងបានអំពាវនាវដោយផ្ទាល់ ឱ្យសមាជិកសភាអាមេរិកបង្កើនការដាក់សម្ពាធលើទីក្រុងប៉េកាំង និងបានព្រមានផងដែរថា ចិនអាចនឹងប្រើធម៌ក្តៅលើហុងកុង នៅក្នុងខែតុលាខាងមុខ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

មេដឹកនាំបាតុករក្រុងហុងកុង លោក ចូលហ័រ វ៉ុង (Joshua Wong) និងលោកស្រី ដេនីស ហូ (Denise Ho) បានធ្វើការអំពាវនាវខាងលើធ្វើឡើង កំឡុងពេលថ្លែងសារដោយផ្ទាល់ ចំពោះមុខសមាជិកសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ។ នាឱកាសនោះលោកស្រី Denise Ho បានលើកឡើងយ៉ាងដូច្នេះថា «នេះមិនមែនជាការស្នើឱ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុង ឬក៏ជាការទាមទារឯករាជ្យឱ្យទីក្រុងហុងកុងនោះទេ... តែវាគឺជាការអំពាវនាវ​ដើម្បីសិទ្ធិមនុស្សជាសកល, សេរីភាព និងលទិ្ធប្រជាធិបតេយ្យ»។

ដោយឡែកមេដឹកនាំបាតុករលោក Joshua Wong វ័យ ២២ឆ្នាំ ក៏បានព្រមានដែរថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង អាចនឹងវិធានការឃោរឃៅប្រឆាំងនឹងបាតុករក្រុងហុងកុង នៅមុនការប្រព្រឹត្តខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីនេះក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងហុងកុង ដើម្បីស្វែងរកការគាំទ្រពីរដ្ឋបាលលោក ប្រធានាធិបតី ដូណាល់ ត្រាំ។ ប៉ុន្តែលោក ត្រាំ មិនទាន់ផ្ដល់សញ្ញាជាវិជ្ជមានណាមួយ ឆ្លើយតបទៅនឹងការអំពាវនាវនេះទេ ខណៈក្រុមអ្នកជំនាញយល់ថា សំឡេងគាំទ្ររបស់អាមេរិក នឹងជំរុញឱ្យចិនមានលេសចាត់ទុកក្រុមបាតុករថាជា «ក្រុមជនបង្ករឿងដើម្បីបម្រើប្រយោជន៍បរទេស»៕







Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !