នាយករដ្ឋមន្ត្រីបន្ទោសភាគីក្នុងស្រុក និងអន្តរជាតិ ដែលធ្វើឲ្យការដោះស្រាយបញ្ហាលីប៊ីត្រូវរាំងស្ទះ

(ទ្រីប៉ូលី)៖ នាយករដ្ឋមន្ត្រីលីប៊ីគាំទ្រដោយអង្គការសហប្រជាជាតិ លោក ហ្វាយែស ស៊ែរ៉ាច (Fayez Serraj) បាននិយាយថា ភាគីនៅក្នុងស្រុក និងអន្តរជាតិមួយចំនួនបាន និងកំពុងបង្កឧបសគ្គដល់ការជំហាននយោបាយរបស់ប្រទេសលីប៊ី កំឡុងកិច្ចប្រជុំជាមួយគណៈកម្មាធិការ ធ្វើសេចក្តីព្រៀងរដ្ឋធម្មនុញ្ញនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Serraj បានកត់សម្គាល់យ៉ាងដូច្នេះថា «តួនាទីរបស់រដ្ឋាភិបាលរួបរួមជាតិលីប៊ី គឺស្វែងរកដំណោះស្រាយនយោបាយ ដើម្បីបើកផ្លូវឆ្ពោះទៅរកបោះឆ្នោតប្រជាមតិលើ រដ្ឋធម្មនុញ្ញថ្មី និងការបោះឆ្នោតសកល... ប៉ុន្តែគួរឱ្យសោកស្ដាយនោះ ភាគីមួយចំនួនទាំងនៅក្នុងស្រុក និងអន្តរជាតិមួយចំនួន បានបង្កឧបសគ្គដល់គោលបំណងមួយនេះ ជាពិសេសគឺតាមរយៈការវាយប្រហារ លើរដ្ឋធានីទ្រីប៉ូលីនាប៉ុន្មានខែមកនេះ»។

គួរជម្រាបថា លីប៊ីបានធ្លាក់ចូលក្នុងភាពវឹកវរ ចាប់តាំងពីរដ្ឋាភិបាលអតីតមេដឹកនាំលីប៊ី លោក មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) ដួលរលំ ហើយលោកត្រូវបានគេសម្លាប់កាលពីឆ្នាំ២០១១។ ចាប់តាំងពីនោះមកដែរ លីប៊ីត្រូវបែងចែកជាពីរ ដោយភាគខាងកើតនៃប្រទេសដឹកនាំដោយកងកម្លាំងឧត្ដមសេនីយ ខាលីហ្វា ហាហ្វតា (Khalifa Haftar) ដែលកន្លងមករុស្ស៊ីជាអ្នកគាំទ្រ និងទឹកដីប៉ែកខាងលិច ក្នុងនោះរួមមានរដ្ឋធានីទ្រីប៉ូលី ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល លោក Fayez Serraj ដែលគាំទ្រដោយ UN និងសហរដ្ឋអាមេរិកកាលពីមុនទ័ពលោក Haftar ចូលមកជិតទ្រីប៉ូលី៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម