ទឹកជំនន់ទន្លេមេគង្គនៅខេត្តត្បូងឃ្មុំ បន្តហក់ឡើងលើសកម្រិតប្រកាសអាសន្ន, អភិបាលខេត្តបន្តចុះពិនិត្យស្ថានភាពទឹក និងចែកអំណោយជូនពលរដ្ឋ ៣០០គ្រួសារ ក្នុងស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ គ្រាដែលទឹកជំនន់ទន្លេមេគង្គនៅខេត្តត្បូងឃ្មុំ បន្តហក់ឡើងលើសកម្រិតប្រកាសអាសន្ន ដែលបណ្ដាលឲ្យប៉ះពាល់ដល់ការរស់នៅ និងសុខសុវត្ថិភាពប្រជាពលរដ្ឋនោះ ពេញ១ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី បានបន្តដឹកនាំក្រុមការងារមន្ទីរ អង្គភាព អាជ្ញាធរស្រុក សាខាកាកបាទក្រហមខេត្ត ចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ និងនាំយកអំណោយ ព្រមទាំងថវិកាទៅចែកជូនពលរដ្ឋ ប្រមាណ៣០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកក្រូចឆ្មារ បន្ទាប់ពីចុះពិនិត្យនៅស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ និងស្រុកតំបែរ ដែលទទួលរងផលប៉ះពាល់ដូចគ្នានេះ។

ជាមួយការចុះតាមមើលស្ថានភាពការលិចលង់ ដោយអូរប័រ តាមទូកតូចៗ និងចុះទឹកឡើងគោកពេញ១ថ្ងៃនេះ ដោយសំណេះសំណាលផ្តល់ភាពកក់ក្តៅ និងនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះបងប្អូនពលរដ្ឋទាំង៣០០គ្រួសារ នៅទីតាំង៥ផ្សេងគ្នា មកពី១០ឃុំ ក្នុងស្រុកក្រូចឆ្មារ ដោយក្តីនឹកលឹក និងយកចិត្តទុកដាក់បំផុត ពីសុខទុក្ខបងប្អូន។

នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យចៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការ ខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលគ្រោះថ្នាក់ដោយសារលង់ទឹក។

មួយវិញទៀត ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស បើសិនមានតិច ឬខាំ ត្រូវបញ្ជូនទៅមណ្ឌលសុខភាព ឬក្រុមគ្រូពេទ្យ នៅជិតបំផុត ដោយរដ្ឋបាលខេត្តបានរៀបចំនៅតាមទីតាំង ទីទួលសុវត្ថិភាពពេញ ២៤ម៉ោង។ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់អាជា្ញធរស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

បើតាមលោក សយ ទូច និងលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា គ្រួសាររងផលប៉ះពាល់ចំនួន ៣០០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិការ២មុឺនរៀល។ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោក សយ ទូច បានត្រៀមកម្លាំងពេញ២៤ម៉ោង ដើម្បីសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានចែកជូននំចំណីដល់ក្មេងៗ ព្រមទាំងចែកថវិការផ្ទាល់ខ្លួនដល់ប្រជាការពារភូមិ កងកម្លាំង និងអ្នកដែលចូលរួមលើការងារមនុស្សធម៍នេះទាំងអស់ ដើម្បីជាការលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ ទាំងពលរដ្ឋរងគ្រោះ និងបងប្អូនជាអ្នកជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាជំរុញការងារចុះជួយ យល់ពីសុខទុក្ខរបស់ពលរដ្ឋ កាន់តែខ្លាំងក្លាបន្ថែមទៀត៕



































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម