នាយករដ្ឋមន្រ្តីជប៉ុន តែងតាំងរដ្ឋមន្រ្តីការបរទេសថ្មី និងផ្លាស់ប្រមុខការទូតចាស់ឲ្យឡើងជារដ្ឋមន្រ្តីការពារជាតិវិញ

(តូក្យូ)៖ ក្នុងការរុះរើគណៈរដ្ឋមន្រ្តីនាថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ បានផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេស និង​រដ្ឋមន្រ្តីការពារជាតិថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។

លោក Motegi Toshimitsu ត្រូវបានលើកជារដ្ឋមន្រ្តីការបរទេសថ្មីរបស់ជប៉ុន បន្ទាប់ពីលោកបានខិតខំប្រឹងប្រែងចរចាកិច្ចព្រម​ព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ រីឯប្រមុខការទូតចាស់ គឺ លោក Kono Taro ត្រូវបានផ្លាស់ឲ្យទៅកាន់តំណែងជា​រដ្ឋមន្រ្តីការពារជាតិវិញ។

សមាសភាពរដ្ឋមន្រ្តីថ្មីដែលគួរឲ្យជាប់អារម្មណ៍ក្នុងការរុះរើគណៈរដ្ឋមន្រ្តីលើកនេះ គឺការតែងតាំងលោក Koizumi Shinjiro ដែល​ជាកូនប្រុសអតីតនាយករដ្ឋមន្រ្តីជប៉ុនដ៏មានប្រជាប្រិយភាព គឺលោក Koizumi Junichiro ឲ្យធ្វើជារដ្ឋមន្រ្តីបរិស្ថាន។ ដោយមានអាយុ​ត្រឹម៣៨ឆ្នាំ លោក Koizumi Shinjiro ជារដ្ឋមន្រ្តីវ័យក្មេងជាងគេទី៣ ដែលត្រូវបានតែងតាំងឲ្យកាន់តួនាទី ក្នុងគណៈរដ្ឋមន្រ្តីជប៉ុន គិត​ចាប់តាំងពីចុងសម័យសង្រ្គាមលោកលើកទីពីរ ខណៈជប៉ុនគឺជាប្រទេសដែលផ្តល់អាទិភាពខ្ពស់ទៅលើបទពិសោធន៍ មិនថានៅក្នុងវិស័យ​នយោបាយ​ ឬក៏កិច្ចការងារដទៃទៀតឡើយ។ ក្រៅពីគណៈរដ្ឋមន្រ្តី លោក អាបេ ក៏បានរុះរើសមាសភាពថ្នាក់ដឹកនាំគណបក្ស​កាន់អំណាច LDP ផងដែរ។

គួរជម្រាបថា នៅខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក អាបេ នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់អំណាចបានយូរជាងគេបង្អស់ ក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែលោកត្រូវគេរំពឹងថា នឹងចុះចេញពីតំណែងជាប្រធានគណបក្ស LDP នៅកំឡុងការបោះឆ្នោតជ្រើសរើស​ប្រធានបក្សឆ្នាំ២០២១៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម