តៃវ៉ាន់៖ ស្ពានបាក់ និងសង្កត់ទូកមួយចំនួនពីក្រោម, មនុស្ស៦នាក់កំពុងជាប់ខ្លួន

(តៃប៉ិ)៖ នាថ្ងៃអង្គារនេះស្ពានមួយកំណាត់បានបាក់ស្រុតនៅកោះតៃវ៉ាន់ ហើយបានសង្កត់លើទូកនេសាទមួយចំនួន ដែលធ្វើដំណើរកាត់ពីខាងក្រោមស្ពាននោះ ខណៈមនុស្សចំនួន ០៦នាក់ត្រូវបានគេសង្ស័យថា កំពុងជាប់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។

អាជ្ញាធរតៃវ៉ាន់បានឲ្យដឹងថា មនុស្សចំនួន ០៦នាក់បានបាត់ខ្លួន គឺប្រហែលជាកំពុងនៅជាប់ក្នុងទូកនេសាទ ដែលត្រូវកំណាត់ស្ពានបាក់សង្កត់ពីលើ ខណៈប្រតិបត្តិការជួយសង្រ្គោះកំពុងតែបន្តប្រព្រឹត្តទៅ យ៉ាងសស្រាក់សស្រាំ។ ជាមួយគ្នានេះមនុស្សយ៉ាងតិច ១២នាក់ក៏បានទទួលរងរបួសផងដែរ ដោយក្នុងនោះមានទាំងជនជាតិហ្វីលីពីន ០៦នាក់ និងឥណ្ឌូណេស៊ី ០៣នាក់ សុទ្ធសឹងតែជាអ្នកនេសាទ ក៏ដូចជាអ្នកបើករថយន្តដឹកសាំងជនជាតិតៃវ៉ាន់ម្នាក់។

គួរជម្រាបថា ស្ពានខាងលើមានប្រវែង ១៤០ម៉ែត្រ ស្ថិតនៅឆ្នេរភាគខាងកើតរបស់កោះតៃវ៉ាន់ និងត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៩៨។ ភ្លាមៗនេះមិនទាន់មានការបញ្ជាក់ឲ្យដឹង ច្បាស់ពីមូលហេតុ ដែលបានបង្កឲ្យបាក់ស្ពាននៅឡើយទេ។ ខណៈតៃវ៉ាន់បានទទួល រងឥទ្ធិពលខ្យល់ព្យុះទីហ្វុងមួយកាលពីយប់ថ្ងៃចន្ទ ដែលវាបាននាំមកជាមួយនូវខ្យល់បោកបក់ និងភ្លៀងធ្លាក់ខ្លាំង នៅតាមបណ្តោយឆ្នេរភាគខាងកើតរបស់តៃវ៉ាន់ ស្ពាននោះបានបាក់ចំពេលដែលអាកាសធាតុមានសភាពល្អជាធម្មតា៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម