ស្វែងយល់៖ «កិច្ចពិភាក្សាដ៏មានអត្ថន័យរវាងមេដឹកនាំមហាយក្សទាំងពីរ នៅលើទឹកដីឥណ្ឌា នឹងអាចបង្កើតអនាគតល្អប្រសើរ»

(ញូដេលី)៖ ប្រធានាធិបតីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ីន ជិនពីង ដែលបានមកបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌានាចុងសប្តាហ៍នេះ ខណៈប្រទេសមហាយក្សទាំងពីរប្រចាំទ្វីបអាស៊ីនេះ កំពុងតែរិះរកវិធីស្តារទំនាក់ទំនងឲ្យល្អ ក្រោយទទួលរងភាពរកាំរកូស ដោយសារតែជម្លោះនៅតំបន់កាស្មៀររវាងឥណ្ឌា និងប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។

លោក ស៊ី និងលោក ម៉ូឌី បានពិភាក្សាគ្នាជាលក្ខណៈទ្វេភាគីអស់រយៈពេលជាច្រើនម៉ោង នៅក្នុងទីក្រុងម៉ាម៉ាល់ឡាភួរ៉ាម (Mamallapuram) ដែលជាទីក្រុងបុរាណមួយ ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា។ ទីនេះត្រូវបានប្រទេសទាំងពីរឯកភាព ដើម្បីបង្កើតជាឱកាសនៃការពិភាក្សា ដើម្បីស្វែងយល់អំពីឬសគល់នៃការមិនទុកចិត្តគ្នា រវាងចិន និងឥណ្ឌាអស់រយៈកាលរាប់ទសវត្សរ៍មកនេះ ពាក់ព័ន្ធនឹងជម្លោះព្រំដែន, អតុល្យភាពពាណិជ្ជកម្ម និងភាពជិតស្និទ្ធរបស់ចិនជាមួយប៉ាគីស្ថាន ដែលជាប្រទេសកំពុងមានជម្លោះជាមួយឥណ្ឌា។

កំឡុងពេលនៃការបើកកិច្ចប្រជុំដ៏មានអត្ថន័យ ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ម៉ូឌី ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងយ៉ាងដូច្នេះថា «កាលពីម្សិលមិញ និងនៅថ្ងៃនេះយើងបានផ្សាភ្ជាប់នូវកិច្ចសន្ទនា ប្រកបដោយភាពស្មោះត្រង់ និងក្នុងនាមជាមិត្តនឹងគ្នា...។ ខ្ញុំពិតជាទន្ទឹងរង់ចាំកិច្ចពិភាក្សាបន្ថែមទៀតនៅថ្ងៃមុន ហើយខ្ញុំនឹងអនុលោមតាមសេចក្តីព្រាង ដូចដែលបានពិភាក្សាគ្នាកាលពីថ្ងៃម្សិលមិញ...»។

អ្វីដែលពិសេសនោះគឺ លោក ម៉ូឌី ក្នុងនាមជាម្ចាស់ផ្ទះក៏បានជូនដំណើរលោក ស៊ី ជិនពីង ទស្សនាប្រាសាទបុរាណឥណ្ឌា ដែលមានអាយុកាលជាងមួយពាន់ឆ្នាំផងដែរ ស្ថិតនៅទីក្រុង Mamallapuram ទីឋានដែលភ្ញៀវទេសចរនានាតែងប្រាថ្នា។

អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌាបានលើកឡើងថា ក្នុងជំនួបនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍នេះ មេដឹកនាំទាំងពីរបានចំណាយពេលពិភាក្សា ទល់មុខគ្នារហូតដល់ទៅ ០៥ម៉ោងឯណោះ ដោយបានផ្តោតសំខាន់បំផុតលើបញ្ហាទំនាក់ទំនងទ្វេភាគី ហើយឥណ្ឌាក៏បានលើកឡើងអំពីឱនភាពពាណិជ្ជកម្មតម្លៃ ៥៣ពាន់លានដុល្លារអាមេរិក ជាមួយចិននៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ នេះផងដែរ។

ជាការឆ្លើយតបវិញមេដឹកនាំចិន ក៏មិនភ្លេចក្នុងការសំណូមពរឲ្យឥណ្ឌា ធ្វើការសម្រេចចិត្តមួយ ដោយឯករាជ្យលើការបំពាក់សេវា 5G របស់ក្រុមហ៊ុនយក្សចិន Huawei ដោយមិនគួរឲ្យមានការងាករេ ដោយសារតែសម្ពាធរបស់សហរដ្ឋអាមេរិកនោះឡើយ។ ក្រោយបញ្ចប់ទស្សនកិច្ចនៅឥណ្ឌា លោក ស៊ី ជិនពីង ក៏នឹងបន្តដំណើរបន្ថែមទៀតទៅកាន់ ប្រទេសនេប៉ាល់ផងដែរ ដោយស្ថិតនៅក្នុងគោលដៅជម្រុញសកម្មភាពវិនិយោគរបស់ចិន នៅក្នុងតំបន់អាស៊ីខាងត្បូង ព្រមទាំងស្របទៅតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម