លោក ត្រាំ ប្រកាសថា «ចិនចាប់ផ្តើមទិញទំនិញកសិកម្មពីអាមេរិកវិញហើយ នៅក្នុងជំហានទី១នៃកិច្ចព្រមព្រៀងចិន-អាមេរិក»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃអាទិត្យបានបញ្ជាក់ឲ្យដឹងប្រកបដោយមោទនភាពថា ប្រទេសចិនបានចាប់ផ្តើមទិញផលិតផលកសិកម្ម របស់សហរដ្ឋអាមេរិកវិញហើយ នៅក្រោយការសម្រេចបានជំហានទីមួយ នៃកិច្ចព្រមព្រៀងសំដៅបញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាង ប្រទេសសេដ្ឋកិច្ចយក្សទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ តាមរយៈការបង្ហោះសារលើបណ្តាញសង្គម Twitter បានគូសបញ្ជាក់ថា នៅក្នុងព្រមព្រៀងរបស់លោកជាមួយចិន គឺចិននឹងត្រូវចាប់ផ្តើមទិញផលិតផលកសិកម្មឡើងវិញ ក្នុងចំនួនច្រើនភ្លាមៗតែម្តង មិនមែននៅចាំរហូតដល់កិច្ចព្រមព្រៀង ត្រូវចុះហត្ថលេខានៅរយៈពេល ៣ ឬ ៤សប្តាហ៍ខាងមុខឡើយ។ បើតាមលោក គឺចិនបានចាប់ផ្តើមធ្វើតាមលក្ខខណ្ឌរបស់លោកហើយ។

ក្រោយការបើកកិច្ចចរចាពាណិជ្ជកម្មឡើងវិញ លោក ដូណាល់ ត្រាំ បានឲ្យដឹងថា អាមេរិក និងចិនសម្រេចបានដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយភាគីទាំងពីរបានឯកភាពគ្នា លើប្រធានបទជាច្រើនរួមមាន អត្រាប្តូរប្រាក់ ការផ្ទេរបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា សេវាហិរញ្ញវត្ថុ និងការទិញផលិតផលកសិកម្មអាមេរិកទំហំ ៥០ពាន់លានដុល្លារឡើងវិញដោយចិន។

គួរជម្រាបថា ងាកទៅមើលគម្រោងដំឡើងពន្ធពី ២៥ ទៅ ៣០ភាគរយលើទំនិញចិនទំហំ ២៥០ពាន់លានដុល្លារ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក ស្ទេវិន ម៉ានូឈីន (Steven Mnuchin) កាលពីថ្ងៃសុក្រសប្តាហ៍មុនបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងមិនដំឡើងពន្ធនេះទេ ប៉ុន្តែបើតាមសារលើ Twitter កាលពីថ្ងៃអាទិត្យរបស់លោក ត្រាំ ផែនការនេះគឺគ្មានការផ្លាស់ប្តូរឡើយ ប៉ុន្តែវាសញ្ញាវិជ្ជមានមួយផងដែរ ចំពោះការពន្យារពេលសិន ព្រោះវាអាចជាវិធីសាស្ត្ររបស់សហរដ្ឋអាមេរិក ដើម្បីឈានទៅសម្រេចឲ្យបាន កិច្ចព្រមព្រៀងធំៗផ្សេងទៀតជាមួយចិន៕






Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម