លោក ដូណាល់ ត្រាំ ផ្ញើលិខិតមួយច្បាប់បង្កប់ទៅដោយពាក្យតិះដៀល ទៅកាន់ប្រធានាធិបតីតួកគី

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាល់ (Tayyip Erdogan) កុំឱ្យកា្លយខ្លួនទៅជាមនុស្សឃោរឃៅ ឬមនុស្សល្ងីល្ងើ ខណៈរូបលោកផ្ទាល់កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ជុំវិញការបណ្ដោយឱ្យយោធាតួកគី បើកប្រតិបត្តិការយោធាកម្ទេចក្រុមសកម្មប្រយុទ្ធឃើដ នៅតំបន់ភាគខាងជើងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។

ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងលិខិតមួយផ្ញើជូនលោក Erdogan កាលពីថ្ងៃទី០៩ ខែតុលាកន្លងទៅ និងដែលត្រូវបានចេញផ្សាយដោយសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នៅក្នុងលិខិតនេះដដែល លោក ត្រាំ បានព្យាមបញ្ចុះបញ្ចូលឱ្យលោកប្រធានាធិបតីតួកគី បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន ជាមួយការសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សូមធ្វើកិច្ចព្រមព្រៀងមួយដ៏ល្អ... អ្នកមិនចង់កា្លយជាអ្នកទទួលខុសត្រូវ លើការសម្លាប់រង្គាលមនុស្សរាប់ពាន់នាក់ ហើយខ្ញុំក៏មិនចង់ក្លាយជា អ្នកទទួលខុសត្រូវលើការបំផ្លាញសេដ្ឋកិច្ចតួកគីនោះដែរ... តែខ្ញុំអាចនឹងត្រូវធ្វើរឿងនេះ... ដូច្នេះហើយកុំធ្វើជាមនុស្សឃោរឃៅ ឬក៏មនុស្សល្ងីល្ងើ»។

គួរបញ្ជាក់ថា ប្រឈមមុខនឹងការរិះគន់ លោក ដូណាល់ ត្រាំ នៅតែការពារការសម្រេចចិត្តរបស់លោកក្នុងការ ដកកងទ័ពអាមេរិកចេញពីភាគខាងជើងប្រទេសស៊ីរី ដោយអះអាងថា ប្រតិបត្តិការយោធាកម្ចាត់ក្រុមសកម្មប្រយុទ្ធឃើដ នៅភាគខាងជើងប្រទេសស៊ីរី មិនមែនជាបញ្ហារបស់សហរដ្ឋអាមេរិកឡើយ។ ប៉ុន្តែទន្ទឹមគ្នា លោកក៏បានព្រមានបំផ្លាញសេដ្ឋកិច្ចតួកគីផងដែរ បើទីក្រុងអង់ការ៉ាមិនព្រមបញ្ឈប់ប្រតិបត្តិការយោធា ឬក៏បង្កគ្រោះថា្នក់ដល់ជនស៊ីវិល៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម