អ្នកជំនាញអន្តរជាតិ៖ «ចេតនាទម្លាក់លោក ដូណាល់ ត្រាំ ចេញពីអំណាចអាចនឹងពិបាកទៅរួច ព្រោះតែបញ្ហាធំមួយ»

(ម៉ូស្គូ)៖ កិច្ចដំណើរការនៃនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពីតំណែងជាប្រធានាធិបតីអាមេរិក នឹងជួបភាពស្មុគស្មាញហើយក៏ពិបាកនឹងអាចទៅរួចដែរ ដោយសារតែអតីតកាលរបស់លោក ចូ បៃដិន (Joe Biden) អតីតអនុប្រធានាធិបតីអាមេរិក និងបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតីកំពុងនាំមុខគេ នៅក្នុងបក្សប្រជាធិបតេយ្យ។ នេះបើតាមសម្តីលោក ជីម កាវ៉ាណាស (Jim Kavanagh) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។

លោក Jim Kavanagh អ្នកជំនាញអន្តរជាតិ និងជានិពន្ធនាយកគេហទំព័រ ឌីផូឡេមីសាយស៍ (The Polemicist) បានធ្វើការកត់សម្គាល់បែបនេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយ Sputnik ក្នុងសប្ដាហ៍នេះ និងសំអាងលើអតីតកាលមិនល្អរបស់លោក Biden។ ជាក់ស្ដែងលោក Biden ធ្លាប់ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់អំណាចជាអនុប្រធានាធិបតីអាមេរិក កាលពីជំនាន់លោក អូបាម៉ា ដើម្បីដាក់សម្ពាធឱ្យអតីតប្រធានាធិបតីអ៊ុយក្រែនលោក ផេត្រូ ផូរ៉ូសេនកូ (Petro Poroshenko) បណ្ដេញអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក វីកទ័រ ហ្សូគីន (Viktor Shokin) ចេញពីតំណែង ដើម្បីបញ្ឈប់ការស៊ើបអង្កេតលើក្រុមហ៊ុនឧស្ម័នមួយ ដែលកូនប្រុសស្ថិតនៅ។

បន្ថែមពីលើនេះកាលពីខែសីហា ឆ្នាំ២០១៦ លោក Biden ក៏ធ្លាប់បានព្រមានឈប់ផ្ដល់ការគំាទ្រ លើក្រុមសកម្មប្រយុទ្ធឃើដផងដែរ ខណៈលោកជួបពិភាក្សាការងារជាមួយប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ នៅក្នុងប្រទេសតួកគី។ ដូច្នេះហើយផ្អែកលើអតីតកាលទាំងនេះ លោក Kavanagh យល់ថា ការដំណើរការនីតិវិធីទម្លាក់លោក ត្រាំ ពីតំណែងនឹងជួបភាពស្មុគស្មាញ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បច្ចុប្បន្នកំពុងប្រឈមមុខនឹងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ពីសំណាក់សភាតំណាងរាស្ត្រ គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីលោកត្រូវបានគេចោទប្រកាន់ថា បានស្នើឱ្យបរទេសលូកដៃចូលក្នុង កិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ តាមរយៈការគំរាមឈប់ផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន បើសិនជាទីក្រុងគៀវ មិនបើកការស៊ើបអង្កេតពីបទពុករលួយ ប្រឆាំងនឹងលោក Biden។ លោក Biden គឺជាបេក្ខជនប្រធានាធិបតីអាមេរិកម្នាក់ នៃបក្សប្រជាធិបតេយ្យដែលត្រូវបានគេរំពឹងថា នឹងក្លាយជាគូប្រជែងដ៏ធំរបស់លោក ត្រាំ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម