ពលរដ្ឋខ្មែរអាមេរិកាំង រស់នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ប្រឆាំងចំពោះការវិលត្រឡប់របស់ លោក សម រង្ស៉ី ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

(សហរដ្ឋអាមេរិក)៖ ប្រជាពលរដ្ឋខ្មែរអាមេរិកាំងមួយក្រុម ដែលរស់នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក បានប្រកាសមិនគាំទ្រ និងថ្កោលទោសចំពោះផែនការវិលត្រឡប់របស់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ មកកាន់កម្ពុជា ក្នុងការធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

តំណាងប្រជាពលរដ្ឋទាំងនោះបានលើកឡើងយ៉ាងដូច្នេះថា៖ «យើងទាំងអស់គ្នាមិនគាំទ្រជាដាច់ខាត ហើយប្រឆាំង ពីព្រោះគាត់ទៅនេះ គោលបំណងរបស់គាត់ គឺទៅដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់យើង ហើយទី២ គឺគាត់ទៅធ្វើឱ្យប្រទេសមានអសន្តិសុខ ជួបភាពវឹកវរ ព្រោះប្រទេសយើងសព្វថ្ងៃ គឺជាប្រទេសមួយដែលមានការអភិវឌ្ឍ មានសន្តិភាពពេញលេញទូទាំងប្រទេស ប្រជាជនអាចដើរហើរ អញ្ចឹងបើគាត់ទៅធ្វើឱ្យច្របូកច្របល់ ក្នុងប្រទេសរបស់យើង»។

ប្រជាពលរដ្ឋខ្មែរអនិកជនទាំងនោះ បានចាត់ទុកការស្រមើលស្រមៃរបស់ លោក សម រង្ស៉ី ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា គឺជាសុបិនមួយមិនអាចខ្លាយជាការពិត ដោយសារតែ លោក សម រង្ស៉ី និងបក្ខពួក គ្មានលទ្ធភាពអាចយកឈ្នះរាជរដ្ឋាភិបាលស្របច្បាប់ទេ ព្រមទាំងមិនមានការគាំទ្រពីប្រជាពលរដ្ឋថែមទៀត ដោយសារតែវត្តមានរបស់គាត់ ជាការបំផ្លិចបំផ្លាញដល់ភាពសុខសាន្តរបស់ ប្រជាពលរដ្ឋ។

ពួកគេបានរិះគន់ថា លោក សម រង្ស៉ី កន្លងទៅតែងតែតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែពេលនេះ មេដឹកនាំក្រុមប្រឆាំង បែរជាមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល ដែលមិនមែនជាការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យទៅវិញ។

សូមបញ្ជាក់ថា លោក សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម