អ៊ីរ៉ង់៖ «លោក ដូណាល់ ត្រាំ បានបង្ហាញភាពស្មោះត្រង់ហើយ នោះគឺការរក្សាវត្តមានកងទ័ពអាមេរិកខ្លះ ដើម្បីការពារអណ្តូងប្រេងស៊ីរី»

(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) បានលើកឡើងបែបចំអកដាក់សហរដ្ឋអាមេរិកថា យ៉ាងហោចណាស់លោក ដូណាល់ ត្រាំ បង្ហាញភាពស្មោះត្រង់អំពីចេតនារបស់អាមេរិក ក្នុងការរក្សាវត្តមានកងទ័ពមួយចំនួន ឲ្យនៅក្នុងប្រទេសស៊ីរី គឺដើម្បីការពារតំបន់ប្រេងនៅទីនោះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។

ក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃអង្គារសប្តាហ៍នេះ លោក Zarif បាននិយាយថា «មើលទៅសហរដ្ឋអាមេរិកបានសម្រេច បន្តរក្សាវត្តមានកងទ័ពមួយចំនួននៅស៊ីរី ដើម្បីការពារតំបន់ប្រេង ហើយយ៉ាងហោចណាស់ប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញភាពស្មោះត្រង់ តាមរយៈការប្រាប់ពីចេតនារបស់អាមេរិក»។ កាលពីសប្តាហ៍មុន លោក ត្រាំ បាននិយាយថា កងទ័ពអាមេរិកមួយចំនួនតូចនឹងបន្តស្ថិតនៅក្នុងប្រទេសស៊ីរី ដើម្បីការពារតំបន់ផលិតប្រេង។

គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើរ (Mark Esper) បានបញ្ជាក់ថា កងទ័ពអាមេរិកនឹងរារាំងមិនឲ្យកងទ័ពរុស្ស៊ី និងស៊ីរីចូលកាន់កាប់តំបន់ប្រេងទាំងនោះ។ នាពេលកន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រកាសដកកងទ័ពទាំងប្រមាណជា ១,០០០នាក់របស់ខ្លួន ចេញពីតំបន់ភាគខាងជើងប្រទេសស៊ីរី៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម