ក្រោយផ្ទុះបាតុកម្មធំបំផុតក្នុងប្រវត្តិសាស្ត្រ ប្រធានាធិបតីឈីលីព្រមស្តាប់តាមបាតុករជាង ១លាននាក់

(សាន់ទីអេហ្គោ)៖ ប្រធានាធិបតីឈីលីលោក សេបាស្ទាន ភីណេរ៉ា (Sebastian Pinera) បាននិយាយថា លោកបានលឺច្បាស់ណាស់អំពីសាររបស់ប្រជាជនឈីលីដល់ទៅ ជាងមួយលាននាក់ ដែលបានប្រមូលផ្តុំគ្នាតវ៉ានៅរដ្ឋធានី សាន់ត្យ៉ាហ្គោ (Santiago) ដើម្បីប្រឆាំងរដ្ឋាភិបាលរបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩។

នាថ្ងៃសុក្រសប្តាហ៍នេះលោក Sebastian Pinera បានសរសេរនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «ថ្ងៃនេះ... ការតវ៉ាទ្រង់ទ្រាយធំ និងប្រកបដោយសន្តិវិធីបានប្រព្រឹត្តទៅ ដោយប្រជានជនឈីលីបានស្នើឲ្យប្រទេសរបស់ពួកគេ មានតម្លាភាពជាងមុន និងរួមសាមគ្គីគ្នាកាន់តែខ្លាំង។ ប្រការនេះបានបើកចំហផ្លូវធំមួយ ដើម្បីឆ្ពោះទៅរកក្តីសង្ឃឹម និងអនាគតកាន់តែប្រសើរ សម្រាប់ប្រជាជាតិឈីលី។ ពួកយើងលឺច្បាស់ណាស់អំពីសាររបស់អ្នកទាំងអស់»។

គួរជម្រាបថា ក្បួនបាតុកម្មកាលពិថ្ងៃសុក្រ នៅកណ្តាលទីក្រុង Santiago គឺជាការតវ៉ាធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសអាមេរិកឡាទីនមួយនេះ ដោយមនុស្សដល់ទៅជាងមួយលាននាក់បានចូលរួម។ សកម្មភាពបាតុកម្មនៅឈីលី បានចាប់ផ្តើមឡើងតាំងតែពីថ្ងៃទី០៦ ខែតុលាមក នៅពេលដែលអាជ្ញាធរឈីលី បានបង្កើនថ្លៃសេវាធ្វើដំណើរតាមរថភ្លើង។ កន្លងមកនេះអំពើ ហិង្សាបានផ្ទុះឡើងខ្លាំងរហូតបណ្តាលឲ្យមនុស្សយ៉ាងតិច ១៩នាក់បាត់បង់ជីវិត។

ចាប់តាំងតែពីការផ្ទុះបាតុកម្ម រដ្ឋាភិបាលឈីលីបានលុបចោលការដំឡើងថ្លៃសេវាជិះរថភ្លើងវិញ ហើយបានស្នើចេញចំណាត់ការមួយចំនួនទៀត ដើម្បីរំងាប់កំហឹងប្រជាជន ក្នុងនោះមានទាំងការសន្យាបញ្ចេញកញ្ចប់ថវិកាទំហំ ១.២ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាសង្គមផ្សេងៗ។ អាជ្ញាធរឈីលីក៏បានដាក់ចេញបម្រាមគោចរ នៅតាមទីក្រុងជាច្រើនផងដែរ ប៉ុន្តែក្រុមបាតុកម្មភាគច្រើនមិនគោរពតាមនោះឡើយ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម