សម្ដេចក្រឡាហោម ស ខេង៖ ការវិលត្រឡប់របស់ សម រង្ស៉ី មិនមែននាំសន្ដិភាពមកទេ គឺចង់មកបំផ្លាញសន្ដិភាព, ប្រកាសបន្តចាប់ខ្លួនសមាជិកឧទ្ទាម ដែលគាំទ្រការវិលចូលស្រុករបស់ជនក្បត់ជាតិរូបនេះ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានបន្ដប្រកាសពីការចាប់ខ្លួន បណ្ដាញក្រុមឧទ្ទាមក្រៅច្បាប់ទាំងឡាយណា ដែលកំពុងនៅក្នុងប្រទេសកម្ពុជា ហើយមានគម្រោងទៅគាំទ្រការវិលត្រឡប់ចូលស្រុក ពីសំណាក់ឧក្រិដ្ឋជន សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកថា សកម្មភាពគាំទ្រទាំងអស់នេះ គឺផ្ទុយនឹងច្បាប់ទាំងស្រុង ព្រោះនេះជាការបង្កចលាចល និងគំរាមកំហែង ដល់សន្ដិសុខជាតិ ដែលមិនអាចលើកលែងឲ្យបាននោះទេ។ សម្ដេច ស ខេង បានអះអាងថា គម្រោងវិលចូលស្រុករបស់លោក សម រង្ស៉ី ខុសកាលពីឆ្នាំ២០១៣ ដែលលោកត្រូវបានព្រះមហាក្សត្រលើកលែងទោស ខណៈលើកនេះលោកកំពុងមានទោសជាប់ខ្លួន។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ដ្រជាតិ (២០១៩-២០២៣) ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «យើងមិនចេះតែធ្វើប៉ាតណាប៉ាតណីដែរ យើងធ្វើ (ចាប់ខ្លួន) តែមុខសញ្ញាណាដែលគ្រោះថ្នាក់ធំ។ ឧទាហរណ៍ថា តាំងចិត្តដើម្បីនឹងគាំទ្រចូលរួមនៃការវិលត្រឡប់របស់លោក សម រង្ស៉ី មកវិញ ថាប្រមូលកម្លាំងដើម្បីធ្វើឲ្យចលាចល គំរាមកំហែង»។

សម្ដេចបានថ្លែងបន្ដទៀតថា «មិនមែនដូចឆ្នាំ២០១៣ទេ ដែលគាត់ (សម រង្ស៉ី) មកដោយមានការលើកលែងទោស ហើយមកចូលរួមបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ចឹងគាត់ចូលមកស្របច្បាប់ប្រជាជនគាត់ទៅទទួលជារឿងធម្មតាអត់មានអីខុស ប៉ុន្ដែលើកនេះគាត់មកមិនមែនក្នុងន័យចឹងទេ គឺខុសគ្នាស្រឡះ។ ឥឡូវយើងចង់បានសន្ដិភាពប៉ុណ្ណឹង ឬចង់បំផ្លាញសន្ដិភាព ចឹងហើយអ្នកណាក៏ដោយធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខនៃរដ្ឋ សន្ដិភាព ស្ថិរភាពនៃរដ្ឋ យើងត្រូវអនុវត្តច្បាប់»។

បើតាមការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ការបញ្ចេញមតិ ឬការរិះគន់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋអាចមានសិទ្ធិធ្វើបានមិនខុសច្បាប់នោះទេ ប៉ុន្ដែកាលដែលប្រមាថទៅលើអង្គព្រះមហាក្សត្រ គឺផ្ទុយនឹងច្បាប់ស្រុង ព្រោះអង្គព្រះមហាក្សត្រ ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលជាច្បាប់កំពូលរបស់ប្រទេស។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការតស៊ូដោយសន្ដិភាព តាមបែបលទ្ធិប្រជាធិបតេយ្យ ក៏មិនខុសច្បាប់នោះដែរ ប៉ុន្ដែការដែលមានបំណង់ដើម្បីបង្កើតកងទ័ព ប្រឆាំងរាជរដ្ឋាភិបាល ប្រឆាំងកងទ័ពរបស់ជាតិ គឺជាដែលមិនច្បាប់មិនអាចលើកលែងឲ្យបាននោះឡើយ។

សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ជនពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាច្រើននាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់អំពីបទ «រួមគំនិតក្បត់»។

ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ មានអ្នកខ្លះបានព្យាយាមរត់គេខ្លួនឆ្លងខេត្ត និងឆ្លងប្រទេស ប៉ុន្តែក៏នៅតែមិនអាចរួចផុតពីការចាប់ខ្លួនផងដែរ។ ចំណែកអ្នកនៅក្រៅប្រទេស ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលប្រទេសនោះ ដើម្បីចាប់ខ្លួន។

ទោះជាយ៉ាងនេះក្តីបើតាម អ្នកនាំពាក្យក្រសួងយុត្តិធម៌ បើសិនជាអ្នកពាក់ព័ន្ធក្នុងផែនការរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ណាមួយចូលសារភាព នោះពួកគេនឹងត្រូវបានរួចផុតពីទោសផងដែរ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ មានជនពាក់ព័ន្ធខ្លះក៏បានភ្ញាក់ខ្លួន និងបានចូលសារភាពទោសកំហុស នៅចំពោះមុខសមត្ថកិច្ច ដើម្បីទទួលបានការលើកលែងទោសផងដែរ។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា។ ជាមួយនឹងការប្រកាសនេះ លោកបានអំពាវនាវឲ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនដោយមានថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឲ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀតផង៕











































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម