សម្តេចតេជោ ហ៊ុន សែន៖ សមត្ថកិច្ចទទួលបញ្ជារួចរាល់ហើយ សម្រាប់ចាប់ខ្លួនជនក្បត់ជាតិគ្រប់រូប បើហ៊ានដើរចូលកម្ពុជា គឺត្រូវចាប់វាយខ្នោះភ្លាមៗ

(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខនិស្សិតជាង៤ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កងកម្លាំងមានសមត្ថកិច្ចបានទទួលបទបញ្ជារួចរាល់ហើយ សម្រាប់ចាប់ខ្លួនជនក្បត់ជាតិទាំងឡាយណា បើហ៊ានដើរចូលក្នុងប្រទេសកម្ពុជា គឺត្រូវចាប់វាយខ្នោះភ្លាមៗ។

ការមានប្រសាសន៍បែបនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «លោក ហ៊ុន សែន ថ្ងៃនេះ ហេតុអីមកនិយាយពីសំរាម មិននិយាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចនិយាយមិញអញ្ចឹងទុកឱ្យអ្នកវិភាគ គេវិភាគ ហើយយើងរង់ចាំមើលគេវិភាគ ហើយម៉េចក៏មិននិយាយពីរឿងស្អីទៀត ខ្ញុំសូមថាជុងវាអត់ចេះនិយាយទេ ប៉ុន្តែតែដើរចូល ជាប់ជុងហើយ ម្យ៉ាងទៀតវាគ្មានការចាំបាច់ផង សមត្ថកិច្ចកម្លាំងគ្រប់ប្រភេទ ទទួលបទបញ្ជារួចជាស្រេចទៅហើយ មិនចាំបាច់ថាតើគួរធ្វើអ្វី ទើបវាម៉េចអី របៀបម៉េចអត់មកនិយាយអញ្ចឹងទេ គេមានរបៀបរបស់គេ មានរបៀបរបស់គេ»។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បាន ប្រាប់ទៅក្រុមប្រឆាំងឱ្យចេះទទួលស្គាល់នូវសមត្ថភាពរបស់ខ្លួន។ ប្រទេសជាមិត្តធ្វើការជាមួយរាជរដ្ឋាភិបាល មិនធ្វើការជាមួយក្រុមមនុស្សក្រៅពីរាជរដ្ឋាភិបាលនោះឡើយ សម្តេចតេជោថា កុកភ្លេចជង់ តែជង់មិនដែលភ្លេចកុកនោះឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក យ៉ែម បុញ្ញាឫទ្ធិ បានផ្តល់បទសម្ភាសដល់គេហទំព័រ The Cambodia Daily កាលពីថ្ងៃអាទិត្យកន្លងទៅនេះថា លោក កឹម សុខា តែងតែបញ្ជាក់ពីជំហររបស់លោក ដោយប្រកាន់គោលការណ៍ ទីក្រុងប៉ារីស គឺគោលការណ៍គោរពសិទ្ធិមនុស្ស និងគោលការណ៍អហិង្សា ដូច្នេះអ្វីដែលលោកតែងតែងលើកឡើង មានការបញ្ជាក់ជំហរ និងគោលដៅច្បាស់លាស់ គឺដោះស្រាយដោយសន្តិវិធី អហិង្សា ហើយរស់នៅក្រោមដំបូលខ្មែរតែមួយ។

ការចេញមកបញ្ជាក់ជំហររបស់ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។

រហូតមកដល់ពេលនេះ បក្ខពួករបស់ លោក សម រង្ស៉ី ដែលចាត់ចូលជាក្រុមឧទ្ទាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ជាបន្តបន្ទាប់ ពីបទរួមគំនិតក្បត់ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។ អ្នកដែលត្រូវចោទប្រកាន់ទាំងនោះ ភាគច្រើនបានទៅចូលរួមទទួលយកផែនការពីលោក សម រង្ស៉ី នៅប្រទេសម៉ាឡេស៊ី កាលពីពាក់កណ្តាលខែសីហា ដើម្បីយកមកអនុវត្ត ក្នុងការកៀរគរកម្លាំងផ្តួលរំលំរាជរដ្ឋាភិបាល។

យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តធម៌ បានប្រកាសផងដែរថា អ្នកដែលឃុបឃិត ឬពាក់ព័ន្ធផែនការនេះ នឹងត្រូវទទួលទោស។ ចំណែកឯអ្នកមានការភ្ញាក់រលឹកដឹងខ្លួន ហើយចេញមកសារភាព នឹងអនុញ្ញាតឱ្យរួចផុតពីទោស៕

















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម