អាជ្ញាធរថៃបិទមិនឱ្យលោកស្រី មូរ សុខហួរ ចូលប្រទេសរបស់ខ្លួន ដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ

(ភ្នំពេញ)៖ នគរបាលអន្តោប្រវេសន៍ថៃ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានបិទមិនឱ្យលោកស្រី មូរ សុខហួរ ហោះចូលទៅកាន់ប្រទេសរបស់ខ្លួននោះទេ ដោយសារតែលោកស្រីមានឈ្មោះនៅក្នុងបញ្ជីខ្មៅជាមួយទណ្ឌិត សម រង្ស៉ី។ នេះបើតាមលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។

តាមព័ត៌មានដែលផ្តល់ឱ្យដោយក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០១៩ ឈ្មោះ មួរ សុខហួរ បានចេញដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីម៉ោង ០៣៖០៤រសៀលនាទី (តាមជើងយន្តហោះ MH782) ហើយបានមកដល់ទីក្រុងបាងកក នៅម៉ោង៤៖៣៤រសៀល។

លោក កេត សោផាន់ បាន់បញ្ជាក់់ថា «ពេលមកដល់ប៉ុស្តិ៍ត្រួតពិនិត្យ នគរបាលអន្តោប្រវេសន៍ថៃ បានហាមឃាត់មិនឲ្យចូលដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ ដែលសមត្ថកិច្ចកម្ពុជាស្នើឲ្យហាមឃាត់។ សមត្ថកិច្ចថៃក៏បានចារពាក្យហាមឃាត់មិនឲ្យចូលលើលិខិតឆ្លងដែនរបស់ឈ្មោះ មួរ សុខហួរ។ ឈ្មោះមួរ សុខហួរ បានចាកចេញពីថៃ ទៅម៉ាឡេស៊ីវិញ នៅម៉ោង ៨៖១០នាទីយប់ តាមជើងហោះហើរ MH781»។

លោកស្រី មូរ សុខហួរ ជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ គឺជាបុគ្គលសំខាន់មួយរូប ក្នុងការចូលរួមរៀបចំផែនការធ្វើរដ្ឋប្រហារខុសច្បាប់របស់ លោក សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

ជាមួយនឹង ការប្រកាសអំពីផែនការផ្តួលរំលំ តាមរយៈការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នោះ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសយ៉ាងគឃ្លើនប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដោយរៀបចំផ្តល់ថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំរ បស់ខ្លួន ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រ ឱ្យដាក់រាជថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីខែមុននោះ បានបញ្ជូនសាល ដីកាអំពីការចាប់ខ្លួន លោក សម រង្ស៉ី និងបក្ខពួកទៅកាន់ ប្រទេសជាសមាជិកអាស៊ានទាំងអស់រួចហើយ។

អាជ្ញាធរឡាវ និងថៃ បានប្រកាសជំហរផងដែរថា នឹងមិនអនុញ្ញាតឱ្យក្រុមណាមួយ ដោយសំដៅលើក្រុមរបស់ទណ្ឌិត សម រង្ស៉ី ប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើរដ្ឋប្រហារប្រឆាំងប្រទេសកម្ពុជានោះឡើយ។

ផ្អែកតាម មាត្រា២ នៃធម្មនុញអាស៊ាន បានចែងថា រដ្ឋជាសមាជិកអាស៊ាន មិនត្រូវចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយ ដែលរួមមានការដាក់ឱ្យប្រើប្រាស់នូវទឹកដីរបស់ខ្លួនឱ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាសមាជិកអាស៊ាន ឬឱ្យតួអង្គដទៃទៀតដែលពុំមែនជារដ្ឋ គំរាមគំហែងដល់អធិបតេយ្យភាព បូរណភាពទឹកដី ឬស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់រដ្ឋសមាជិកអាស៊ានណាមួយឡើយ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម