នយោបាយធ្វើឱ្យអាមេរិកឯកោ គឺជាគ្រោះថ្នាក់ដ៏ធំមួយ អាចបំផ្លាញសន្តិភាពពិភពលោកទាំងមូល, នេះជាសម្ដីអតីតប្រធានាធិបតី George W. Bush





(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក George W. Bush បានចាត់ទុកថាគោលនយោបាយធ្វើឱ្យ សហរដ្ឋអាមេរិកកាន់តែឯកោ របស់លោកប្រធានាធិបតី ដូណាល់​ ត្រាំ គឺជាគ្រោះថ្នាក់ដ៏ធំមួយ ដែលអាចបំផ្លាញ សន្តិភាពពិភពលោកទាំងមូល។ នេះបើតាមលោក Josh Rogin ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។

លោក Josh Rogin ដែលជាអ្នកសារព័ត៌មានម្នាក់មកពីកាសែត Washington Post បានឱ្យដឹងទៀតថា លោក Bush រិះគន់ចំៗលើលោក ត្រាំ កំឡុងពិធីជួបជុំជាមួយអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton នៅឯវិទ្យាស្ថាន Nir School of the Heart កាលពីយប់ថ្ងៃពុធ ដោយលោកផ្ដោតជាសំខាន់ទៅលើការសម្រេចចិត្ត ដកកងទ័ពអាមេរិក ១,០០០នាក់ ចេញពីតំបន់ភាគខាងជើងប្រទេសស៊ីរី​ ដោយទុកឱ្យអតីតសម្ព័ន្ធមិត្តអាមេរិកគឺ ក្រុមសកម្មប្រយុទ្ធឃើដ ត្រូវប្រឈមមុខនឹងការវាយលុក ពីកងទ័ពតួកគីតែម្នាក់ឯង។

បន្ថែមពីលើនេះ លោក Bush ក៏បានបញ្ជាក់ដែរថា រឿងដែលធ្វើឱ្យលោកសោកស្ដាយជាងគេបំផុត កំឡុងកាន់ តំណែងជាប្រធានាធិបតីអាមេរិក ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨ នោះគឺមិនបានលើកលែងទោសឱ្យ ជនអន្តោប្រវេសន៍ខុសច្បាប់ពី១១ និង២២លាននាក់ ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ហើយដែលការលើកឡើងបែបនេះ ត្រួវបានគេមើលឃើញថាលោកចង់រិះគន់ចំពោះគោលនយោបាយប្រឆាំងនឹង ជនអន្តោប្រវេសន៍បច្ចុប្បន្នរបស់លោក ដូណាល់ ត្រាំ។ អតីតប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមដូច្នេះថា៖ «យើងជាប្រជាជាតិមួយនៃជនអន្តោប្រវេសន៍ ប៉ុន្តែភាសាដែលចេញពីប្រព័ន្ធសព្វថៃ្ង បានបដិសេធជនអន្តោប្រវេសន៍»។

គួរបញ្ជាក់ថា លោក George W. Bush បានកាន់តំណែងជាប្រធានាធិបតីអាមេរិក ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨ ហើយឈ្មោះ Bush ត្រូវបានគេស្គាល់ពេញពិភពលោក បន្ទាប់ពីលោកបានដឹកនាំសហរដ្ឋអាមេរិកធ្វើសង្រ្គាម នៅ អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់។ សង្រ្គាមនៅក្នុងប្រទេសទាំង២នេះ បានរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលឱ្យធ្លាក់ ចូលក្នុងភាពចលាចលមកទល់នឹងសព្វថ្ងៃ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម