អ្នកជំនាញ៖ ពួក ISIS នឹងពង្រីកឥទ្ធិពលជាថ្មី បើតួកគីវាយលុកតំបន់ភាគខាងជើងប្រទេសស៊ីរី

(លីបង់)៖ ប្រតិបត្តិការយោធាបោសសម្អាតក្រុមឧទ្ទាមឃើដរបស់តួកគី នៅតំបន់ភាគខាងជើងប្រទេសស៊ីរី អាចនឹង ធ្វើឱ្យក្រុមភេរវករ ISIS ចាប់កំណើត និងពង្រីកឥទ្ធិពលឡើងវិញជាថ្មី បើទោះជាទីក្រុងអង់ការ៉ាសន្យាថានឹង ទប់ស្កាត់មិនឱ្យពួកភេរវករមួយនេះត្រឡប់មកវិញក៏ដោយ។ នេះជាការព្រមានរបស់ក្រុមអ្នកជំនាញ ដកស្រង់ចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

តួកគី នៅថ្ងៃអង្គារនេះ បានចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមសកម្មយុទ្ធឃើដហើយ ជាពិសេសគឺ ក្រុមសកម្មប្រយុទ្ធឃើដ YPG។ YPG គឺជាក្រុមសកម្មប្រយុទ្ធឃើដ ដែលទីក្រុងអង់ការ៉ាចាត់ទុកថាជាអង្គការភេរវករ ហើយកងកម្លាំងមួយនេះ ក៏ជាសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាមឃើដកងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF គំាទ្រដោយ សហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែ លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទកន្លងទៅ បានធ្វើការសម្រេចចិត្តមួយដ៏ភ្ញាក់ផ្អើល ដោយដកកងទ័ពអាមេរិក ចេញពីតំបន់ដែលតួកគីត្រៀមបើកការវាយលុក ជាមួយការបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោន នឹងមិនគាំទ្រ ហើយក៏មិនលូកដៃក្នុងប្រតិបត្តិការយោធានេះដែរ។

តែយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញមួយចំនួនដូចជា លោក Charles Lister ដែលជានាយកវិទ្យាស្ថានមជ្ឈិមបូព៌ា មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានព្រមានថាប្រតិបត្តិការយោធារបស់តួកគី អាចនឹងធ្វើឱ្យពួក ISIS ឆ្លៀតឱកាស ពង្រីកឥទ្ធិពលជាថ្មី ហើយថាការសម្រេចចិត្តដកកងទ័ពរបស់លោក ដូណាល់ ត្រាំ មានន័យស្មើនឹងការផ្ដល់កាដូ ឱ្យពួកភេរវករមួយនេះចាប់កំណើតឡើងវិញ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយស៊ីរី កងកម្លាំងតួកគីបានធ្វើការវាយប្រហារទៅលើតំបន់ តាល់តាវីល (Tal Tawil) ដែលកងកម្លាំងឃើដ-ស៊ីរី SDF កំពុងឈរជើងស្ថិតនៅភាគឦសាននៃខេត្ត ហាសាកាស (Hasakah) ប្រទេសស៊ីរី។ ប្រទេសស៊ីរីក៏បានចាត់ទុកផងដែរថា ការវាយប្រហារដោយតួកគីបែបនេះ គឺជាទង្វើដ៏គគ្លើនបំផុតមកលើបូរណភាព ទឹកដីស៊ីរី។

ដោយឡែក តំបន់ផ្សេងៗទៀតដែលក្រុម SDF ឈរជើងដូចជា តាល់អាប់យ៉ាដ (Tal Abyad) នៅខេត្តរ៉ាកា (Raqqa) ក៏បានទទួលរងការវាយប្រហារដោយយន្តហោះចម្បាំងតួកគី ផងដែរ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម