របាយការណ៍៖ ISIS តែងតាំងមេដឹកនាំថ្មី ក្រោយអាល់បាដដាឌី ត្រូវបានអាមេរិកសម្លាប់នៅស៊ីរី

(ម៉ូស្គូ)៖ ក្រុម ISIS បានតែងតាំងមេដឹកនាំថ្មីរបស់ខ្លួនហើយ បន្ទាប់ពី អាប៊ូបាកើ អាល់បាដដាឌី (Abu Bakr al-Baghdadi) ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់កងកុម៉្មង់ដូរ ពិសេសអាមេរិក នៅឯភាគពាយព្យ ប្រទេសស៊ីរី កាលពីចុងសប្ដាហ៍ កន្លងទៅ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។

Sputnik ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើសារព័ត៌មាន Newsweek ដែលអះអាងថា ជនឈ្មោះ អាប់ឌុលឡោះ កាដាស់ (Abdullah Qardash) នឹងឡើងមកកាន់តំណែងជាមេ ISIS ថ្មី។ ប៉ុន្តែ ព័ត៌មានពាក់ព័ន្ធនឹង អាប់ឌុលឡោះ មិនមាននរណាដឹងលម្អិតនោះទេ ក្រៅតែពីដឹងថាជននេះធ្លាប់ជាមន្ត្រីយោធាអ៊ីរ៉ាក់ម្នាក់បម្រើការងារ ក្រោមការដឹកនាំនៃអតីតមេដឹកនាំអ៊ីរ៉ាក់ សាដាំ ហូសេន។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ជាផ្លូវការថា អាប៊ូបាកើ អាល់បាដដាឌី ពិតជាបានស្លាប់ប្រាកដមែន ដោយមេ ISIS រូបនេះ បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង និងកូនបីនាក់ ក្នុងរូងក្រោមដីមួយកន្លែង ស្ថិតនៅភូមិ Barisha នៃខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី ក្រោយត្រូវ បានតាមប្រមាញ់ដោយកងកុម៉្មង់ដូរ ពិសេសអាមេរិក។

ការបំផ្ទុះគ្រាប់បែកបានធ្វើឱ្យសាកសពមេ ISIS ខ្ទេចជាច្រើនបំណែក តែលោក ត្រាំ អះអាងថាការធ្វើតេស្ដ DNA នៅហ្នឹងកន្លែងបង្ហាញថា អាល់បាដដាឌី ពិតជាបានស្លាប់មែន ហើយនៅក្នុងប្រតិបត្តិការវាយឆ្មក់កាលពីយប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ មិនមានយោធាអាមេរិកណាម្នាក់ស្លាប់ ឬរងរបួសនោះទេ ដោយគ្រាន់តែឆ្កែមួយក្បាល រងរបួសធ្ងន់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ការទទួលស្គាល់ពីការស្លាប់របស់ អាប៊ូបាកើ អាល់បាដដាឌី នៅតែបន្សល់ទុកភាពចម្រូងចម្រាស់ នៅឡើយដោយខាងក្រសួងការពារជាតិរុស្ស៊ី អះអាងថាខ្លួនមិនបានទទួលព័ត៌មានគួរឱ្យទុកចិត្តណាមួយពីប្រតិបត្តិការ អាមេរិកដែលនាំទៅរកការសម្លាប់មេ ISIS នោះទេ។ ប៉ុន្តែ អ្វីដែលគេដឹង នោះគឺថាមរណភាពរបស់អាល់បាដដាឌី ជាជ័យជម្នះមួយដ៏ធំរបស់លោក ដូណាល់ ត្រាំ ខណៈលោកផ្ទាល់កំពុងរងការរិះគន់យ៉ាងខ្លាំងដោយសារតែការ ដកកងទ័ពអាមេរិកចេញពីស៊ីរី និងតស៊ូប្រឆាំងនឹងការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដករូបលោកចេញពីតំណែង ប្រធានាធិបតីអាមេរិក ពីសំណាក់សភាតំណាងរាស្ត្រដឹកនាំដោយបក្សប្រជាធិបតេយ្យ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម