វាមិនត្រឹមត្រូវសោះឡើយដែលលោក ដូណាល់ ត្រាំ តែងតាំងកូនៗខ្លួនឯងជាមន្ត្រីជាន់ខ្ពស់សេតវិមាន, នេះបើតាមសម្តីលោក Joe Biden

(វ៉ាស៊ីនតោន)៖ អតីតអនុប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បាននិយាយថា វាគឺជារឿងមិនត្រឹមត្រូវទាល់តែសោះ ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ តែងតាំងកូនស្រី និងកូនប្រសារប្រុសរបស់ខ្លួនឯង ជាមន្ត្រីជាន់ខ្ពស់នៅក្នុងសេតវិមាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។

លោក Joe Biden ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី ៦០នាទី (60 Minutes) របស់ទូរទស្សន៍អាមេរិក CBS នៅក្នុងសប្ដាហ៍នេះ និងចំពេលដែលលោក និងលោក ដូណាល់ ត្រាំ កំពុងផ្លោងសង្រ្គាមសម្ដីដាក់គ្នា ទៅវិញទៅមកជុំវិញការស៊ើបអង្កេត ដើម្បីដកប្រធានាធិបតីចេញពីតំណែង ពីសំណាក់សភាតំណាងរាស្ត្រ គ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ។

លោក Biden បានគូសបញ្ជាក់យ៉ាងដូច្នេះថា «តើអ្នកដឹងទេថា កូនស្រី និងកូនប្រសាររបស់គាត់ (ត្រាំ) បានចូលរួមក្នុងកិច្ចការប្រចាំថ្ងៃ ដែលពួកគេមិនបានដឹងអ្វីទាំងអស់អំពីវា... និយាយឱ្យត្រង់ទៅ នេះគឺជារឿងមិនត្រឹមត្រូវទាល់តែសោះ ព្រោះអ្នកត្រូវតែបង្ហាញដល់ប្រជាជនអាមេរិកទាំងអស់ថា អ្វីដែលអ្នកកំពុងធ្វើគឺដើម្បីពួកគេ»។

គួរជម្រាបថា លោក Joe Biden ត្រូវបានគេរំពឹងថា នឹងក្លាយជាបេក្ខជនប្រធានាធិបតីអាមេរិកនៃបក្សប្រជាធិបតេយ្យ ដ៏មានសក្ដានុពលក្នុងការប្រជែងយកតំណែងប្រធានាធិបតីអាមេរិក ជាមួយលោក ដូណាល់ ត្រាំ ដែលកំពុងប្រឈមមុខនឹងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកតំណែងជាប្រធានាធិបតី ក្រោយរងការចោទប្រកាន់ថា បានស្នើឱ្យបរទេសលូកដៃចូលកិច្ចការបោះឆ្នោត នៅឆ្នាំ២០២០៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម