លោក ដូណាល់ ត្រាំ ស្នើឲ្យកូរ៉េខាងត្បូង «បង់ថ្លៃការពារលើសមុន៥០០%» សម្រាប់ឆ្នាំ២០២០!

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឱ្យកូរ៉េខាងត្បូង បង់ថ្លៃការពារបន្ថែមជាង ៤.៧ពាន់លានដុល្លារ ឬស្មើនឹងអត្រា ៥០០ភាគរយលើសមុនសម្រាប់ឆ្នាំ២០២០ លើថ្លៃចាយវាយរបស់កងទ័ពអាមេរិក នៅលើឧបទ្វីបកូរ៉េ ខណៈទំនាក់ទំនងជាមួយកូរ៉េខាងជើង កំពុងតានតឹងឡើងវិញជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីដដែលបានបញ្ជាក់ទៀតថា សំណើរបស់លោក ត្រាំ បានធ្វើឱ្យក្រុមមន្ត្រីនៃមន្ទីរបញ្ចកោណខកចិត្ត រីឯក្រុមតំណាងរាស្ត្រទាំងបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យមានការព្រួយបារម្ភជាខ្លាំង ដោយខ្លាចក្រែងធ្វើឱ្យកូរ៉េខាងត្បូងខឹងសម្បារ ស្របពេលដែលទីក្រុងសេអ៊ូលផ្ទាល់ កំពុងសង្ស័យពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន។

គួរជម្រាបថា សេចក្ដីរាយការណ៍របស់ CNN ធ្វើឡើងស្របពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើរ (Mark Esper) បំពេញទស្សនិច្ចនៅកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដើម្បីត្រួតពិនិត្យ និងពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងត្បូង ជុំវិញការគំរាមកំហែងជាថ្មីរបស់កូរ៉េខាងជើង ដែលទើបបានធ្វើតេស្ដមីស៊ីលលើកទី ២៤ នៅក្នុងឆ្នាំ២០១៩ នេះ។ នៅក្នុងកិច្ចប្រជុំនៅទីក្រុងសេអ៊ូលកាលពីម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់យោធាអាមេរិកបានសន្យាការពារកូរ៉េខាងត្បូង ឲ្យអស់ពីលទ្ធភាព ប៉ុន្តែមិនបានលើកឡើងអំពីថ្លៃការពារដែលលោក ដូណាល់ ត្រាំ ចង់បាននោះឡើយ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម