មេរដ្ឋាករទឹកភ្នំពេញ អំពាវនាវឲ្យពលរដ្ឋប្រើទឹកដោយសន្សំសំចៃ ដើម្បីចែករំលែកទឹកដល់បងប្អូន នៅតាមជាយក្រុង

(ភ្នំពេញ)៖ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ ដើម្បីចែករំលែកទឹកដល់បងប្អូន អ្នកប្រើប្រា ស់នៅតាមតំបន់ជាយក្រុង ខណៈនៅរដូវប្រាំងខាងមុខ នឹងមានការប្រែប្រួលក្ដៅខ្លាំង និងអាចប្រឈមការខ្វះខាតទឹកប្រើប្រាស់។

ថ្លែងក្នុងកិច្ចសម្ភាសកម្មវិធីភ្ញៀវពិសេស ប្រចាំសប្ដាហ៍ លោក ស៊ឹម ស៊ីថា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ កុំប្រើប្រាស់ខ្ជះខ្ជាយ ដូចជាលាងម៉ូតូ ឡាន ស្រោចសួនច្បារ និងប្រើប្រាស់លើការមិនចាំបាច់ផ្សេងទៀត គឺថាអ្នកនៅក្នុងក្រុងកាត់បន្ថយ និងសន្សំសំចៃ ដើម្បីចែករំលែកទឹកស្អាត ដល់បងប្អូនអ្នកប្រើប្រាស់ នៅតាមតំបន់ជាយក្រុងបានប្រើដែរ»។

លោក ស៊ឹម ស៊ីថា បានបញ្ជាក់ទៀតថា «បើទោះបីជារដ្ឋាករទឹកខំប្រឹងផ្គត់ផ្គងយ៉ាងណាក្ដី ក៏នៅក្នុងរដូវប្រាំងខាងមុខនេះ វានឹងមានការខ្វះខាតទឹក នៅតាមតំបន់មួយចំនួនជាក់ជាមិនខាន ព្រោះថារដូវប្រាំងអាកាសធាតុក្ដៅ អ្នកប្រើប្រាស់មានការប្រើប្រាស់ច្រើនជាងមុន និងចំនួនអ្នកប្រើប្រាស់ ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលអាចឲ្យអ្នកនៅតាមតំបន់ចុងនៃសម្ពោធទឹកមានការខ្វះខាត ហេតុនេះហើយសូមក៏បានអំពាវនាវ ឲ្យអ្នកប្រើប្រាស់ទាំងអស់ ចូលរួមប្រើប្រាស់ទឹកសន្សំសំចៃទាំងអស់គ្នា ដើម្បីចែករំលែងប្រើប្រាស់បានគ្រប់ៗគ្នា»។

លោកបានបន្តថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏មានការព្រួយបារម្ភផងដែរ ចំពោះបញ្ហាកម្ពស់ទឹកទន្លេបានស្រកចុះខ្លាំងហួសពីឆ្នាំមុនរហូតដល់ជិត៤ម៉ែត្រ ដែលធ្វើឲ្យការបូមទឹកពីទន្លេ ដើម្បីផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋពិបាកជាងពេលមុនៗ។ ប៉ុន្តែយ៉ាងណាចំពោះបញ្ហានេះ រដ្ឋាករទឹកបាន និងកំពុងត្រៀមផែនការទប់ស្កាត់ និងដោះស្រាយរួចជាស្រេច ដែលបច្ចុប្បន្នស្ថានីយផលិតទឹកស្អាតមានចំនួន៣កន្លែង និងមានត្រៀមនូវម៉ូទ័របូមទឹកបន្ថែមផ្សេងទៀត ដើម្បីបូមយកមកផលិតបំពេញបន្ថែម នូវការខ្វះខាតសម្រាប់ផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានគ្រប់គ្រាន់។

លោកបានបន្ថែមថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏នឹងមានសម្ភារៈជំនួយដូចឆ្នាំកន្លងទៅដែរ ដោយមានឡានទឹកសម្រាប់ដឹកទឹកយកទៅចែកជូន និងដាក់តាមតំបន់ដែលប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម