ចិនបញ្ជាក់៖ «ហុងកុងនៅតែជាផ្នែកមួយរបស់ចិន ទោះបីជាលទ្ធផលបោះឆ្នោត ចេញមកបែបណាក៏ដោយ»

(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានថ្លែងនៅថ្ងៃចន្ទនេះថា ទោះបីជាមានអ្វីកើតឡើងក៏ដោយ ក៏ទីក្រុងហុងកុងនៅតែជាផ្នែកមួយរបស់ប្រទេសចិនជានិច្ច។ ការថ្លែងរបស់លោក វ៉ាង ធ្វើឡើងចំពោះមុខការចេញផ្សាយព័ត៌មាននានា ពាក់ព័ន្ធនឹងក្រុមគាំទ្រលទ្ធិលប្រជាធិបតេយ្យ បានឈ្នះឆ្នោតយ៉ាងច្រើនសម្បើមមិនធ្លាប់មាន នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុមអ្នកវិភាគមួយចំនួនបានបង្ហាញក្តីព្រួយបារម្ភថា លទ្ធផលក្រោយការបោះឆ្នោត កាលពីថ្ងៃអាទិត្យម្សិលមិញនៅហុងកុងគឺជាសញ្ញាបង្ហាញថា ប្រជាជនភាគច្រើនក្នុងទីក្រុងមួយនេះ នៅតែបន្តគាំទ្រការធ្វើបាតុកម្មបន្ថែមទៀត ដែលត្រូវបានអូសបន្លាយជាងកន្លះឆ្នាំទៅហើយនោះ។ ជុំវិញបញ្ហានេះលោក វ៉ាង យី ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាមិនទាន់ក្លាយជាលទ្ធផលចុងក្រោយ (ផ្លូវការ) នោះឡើយ។ ចាំលទ្ធផលផ្លូវការចេញមកសិន, តើបានទេ? យ៉ាងណាក៏ដោយ អ្វីដែលជាភាពច្បាស់លាស់នោះ គឺទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏ទីក្រុងហុងកុងនៅតែជាផ្នែកមួយរបស់ចិន និងជាតំបន់រដ្ឋបាលពិសេសរបស់ចិនជានិច្ច...»។

រដ្ឋមន្ត្រីការបរទេសចិនខាងលើនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា «ចេតណាណាមួយដែលចង់ បង្កឲ្យហុងកុងរញ៉េរញ៉ៃ ឬក៏បំផ្លាញវិបុលភាព និងស្ថិរភាពនៃទីក្រុងនេះ នឹងមិនអាចទទួលជោគជ័យឡើយ...»។

អាជ្ញាធររៀបចំការបោះឆ្នោតនៅហុងកុងបានឲ្យដឹងថា ប្រជាជនហុងកុងយ៉ាងតិច ២.៩៤លាននាក់បានចូលរួមបោះឆ្នោត លើសឆ្នាំ២០១៥ រហូតដល់ទៅជាងពាក់កណ្តាល ដែលកាលនោះមានត្រឹម ១.៤៧លាននាក់ប៉ុណ្ណោះបានទៅបោះឆ្នោត។ គិតត្រឹមព្រឹកនេះក្រុមបេក្ខជន ដែលមាននិន្នាការគាំទ្រលទ្ធិប្រជាធិបតេយ្យ ទទួលបានសំឡេងភាគច្រើនក្នុងក្រុមប្រឹក្សាសង្កាត់ ជាមួយអាសនៈប្រមាណ ២៨៣ ក្នុងចំណោមអាសនៈសរុបជាង ៤៥០។ ក្រុមប្រឹក្សាសង្កាត់នៃទីក្រុងហុងកុង មានតួនាទីចាត់ចែងលើការចំណាយខ្លះៗ ហើយមានសិទ្ធិសម្រេចលើបញ្ហាមួយចំនួន ប៉ុន្តែក៏អាចបម្រើជាវេទិកាមួយ ដើម្បីបន្សាយឥទ្ធិពលនយោបាយនៅក្នុងទីក្រុងផងដែរ។។

គួរជម្រាបថា បើតាមការយល់ឃើញរបស់ក្រុមបេក្ខជនគាំទ្រប្រជាធិបតេយ្យ ការបោះឆ្នោតអាណត្តិនេះមានលក្ខណៈពិសេសត្រង់ថា វាគឺជាការតតាំងផ្លូវការ ជាមួយក្រុមអ្នកដែលគាំទ្ររដ្ឋបាលហុងកុង ក៏ដូចជារដ្ឋាភិបាលទីក្រុងប៉េកាំង នៅចំពោះមុខចលនាបាតុកម្ម ដែលបានចាប់ផ្តើមឡើងកាលពីខែមិថុនា ឆ្នាំ២០១៩ និងបន្តមកទល់បច្ចុប្បន្ន ហើយមានអំពើហិង្សាកាន់តែធ្ងន់ធ្ងរឡើងៗ រហូតធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងថា ប្រទេសចិនអាចចូលធ្វើអន្តរាគមន៍៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម