ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើលិខិតដ៏ពិសេសមួយជូនសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជំហរថា អាមេរិកគោរពអធិបតេយ្យភាពកម្ពុជា និងមិនគាំទ្រការផ្លាស់ប្តូររបបទេ

(ភ្នំពេញ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតពីរច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបញ្ជាក់ជំហររបស់សហរដ្ឋអាមេរិក ដែលចង់បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ហើយអ្វីដែលកាន់តែពិសេសទៀត គឺលោកប្រធានាធិបតី បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា អាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ។

លិខិតដ៏កម្រទាំងពីរច្បាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ដៃពីសំណាក់លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនាវិមានសន្តិភាព។

លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានបញ្ជាក់ឱ្យដឹងថា ក្នុងជំនួបនេះលោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បាននាំលិខិតផ្ទាល់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកជូនសម្តេចតេជោ ហ៊ុន សែន។

លោកអះអាងយ៉ាងដូច្នេះថា៖ «ក្នុងលិខិត(ទី១)នេះ ចង់បញ្ជាក់ថា សហរដ្ឋអាមេរិកមានគោលបំណង ចង់ធ្វើយ៉ាងណាឱ្យទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា នៅតែបន្តប្រសើរឡើងថែមទៀត និងកើនឡើងថែមទៀត។ នេះចំណុចទីមួយដែលសំខាន់»។

លោកបានបន្តថា ក្នុងលិខិតនោះ លោកត្រាំ បានបញ្ជាក់ជូនសម្តេចតេជោយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តខ្ពស់ណាស់ក្នុងការគាំទ្រកម្ពុជា ជាពិសេសគោរពអធិបតេយ្យភាព ប្រទេសកម្ពុជា និងជួយកម្ពុជា ក្នុងការការពារអធិបតេយ្យកម្ពុជា ជាពិសេសទៀតក្រៅពីអធិបតេយ្យភាពនេះអ្វីដែលសំខាន់គឺ ដូចពីមុនមក គឺសហរដ្ឋអាមេរិកបញ្ជាក់ថា មិនមានការគាំទ្រឱ្យដូររបបនោះទេ នៅក្នុងប្រទេសកម្ពុជា។ ជាពិសេសទៀតអ្វីដែលសំខាន់ នឹងបន្តធ្វើការជាមួយគ្នា»។

ក្នុងលិខិតនោះលោក ដូណាល់ ត្រាំ បានពន្យល់ សម្តេចតេជោ ហ៊ុន សែន ថា មានចំណុចវិជ្ជមានជាច្រើន ក្នុងទំនាក់ទំនងទ្វេភាគី ប៉ុន្តែក៏មានចំណុចដែលភាគីទាំងពីរត្រូវខិតខំបន្តធ្វើការជាមួយគ្នា។

នៅក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើលិខិតមកផ្ទាល់។ សម្តេចបានបន្តថា ពីមុនមកមិនដែលសរសេរលិខិតមកផ្ទាល់បែបនេះទេ។

លោក កៅ គឹមហួន បានបន្តទៀតថា៖ នៅក្នុងជំនួបនេះដែរ លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានចូលរួមសម្តែងការសោកស្តាយ នូវការបាត់បង់ព្រះរាជបុត្រ នរោត្តម បុប្ផាទេវី ដែលជាវីរជនក្នុងវិសយវប្បធម៌។

ជាការឆ្លើយតប សម្តេចបានថ្លែងអំណរគុណ ដែលបានលោក អគ្គរដ្ឋទូតបានចូលរួមរំលែកព្រះមរណទុក្ខនេះ។ សម្តេចបានអរគុណដល់ លោកអគ្គរដ្ឋទូតដែលបានចូលរួមគោរពបុណ្យជាតិកម្ពុជា កាលពីពេលថ្មីៗនេះ។ សម្តេចបានអរគុណដល់លោកអគ្គរដ្ឋទូត ដែលបានជួបមន្រ្តីជាន់ខ្ពស់កម្ពុជាជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បានផ្ញើសារលិខិតថ្វាយព្រះពរ ដល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងប្រជាជនកម្ពុជា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ផងដែរ៕















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម