លោក ពុយ គា៖ អវត្តមានរបស់ ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ធ្វើឱ្យថៃបាក់មុខ និងសម្ព័ន្ធមិត្តមិនសប្បាយចិត្ត

(បាងកក, ថៃ)៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៧ ត្រូវបានប្រារព្ធឡើង។ តែកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៧ ហាក់មិនអធិកអធមដូចបណ្តាឆ្នាំ កន្លងទៅនោះ។ មិនអធិកអធមដ្បិតថា កិច្ចប្រជុំនេះមិនមានវត្តមានប្រធានាធិបតីអាមេរិកដូចឆ្នាំកន្លងទៅនោះឡើយ។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បញ្ជូនត្រឹមបេសកជនពិសេស របស់ខ្លួន គឺលោក Robert C. O'Brien (រ៉ូប៊ែរ អូប្រៀន) ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកចូលរួមក្នុងកិច្ចប្រជុំនេះ។

ដោយឡែក ប្រទេសសមាជិកអាស៊ានវិញ មានតែនាយករដ្ឋមន្ត្រី ៣រូបប៉ុណ្ណោះចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន៖ នាយករដ្ឋមន្ត្រីថៃ ឡាវ និងវៀតណាម។ សម្រាប់ប្រទេសសមាជិកអាស៊ាន ៧ផ្សេងទៀត រួមទាំងកម្ពុជាផង បញ្ជូនត្រឹមរដ្ឋមន្ត្រីការបរទេសចូលរួមប៉ុណ្ណោះ។

លោក ពុយ គា អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានក្យូដូជប៉ុន ប្រចាំនៅកម្ពុជា និងជាអ្នកតាមដានយ៉ាងយកចិត្តទុកដាក់រាល់ព្រឹត្តិការណ៍ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជារៀងរាល់ឆ្នាំនោះ បាននិងកំពុងបំពេញបេសកកម្មតាមដាន និងយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងរៀបចំឡើងនៅប្រទេសថៃ។

លោក ពុយ គា ក៏បានចាប់អារម្មណ៍ជាព្រឹត្តិការណ៍ នៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៧នេះផងដែរ។ លោក ពុយ គា បានសរសេរនៅលើ Facebook ថា អាស៊ានបានខឹងប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ដែលបញ្ជូនមន្រ្តីថ្នាក់ទាបមកប្រជុំនៅថៃ រីឯត្រាំ វិញ ក៏ខឹងថ្នាក់ដឹកនាំកំពូលអាស៊ានផងដែរ ដែលពហិកាជាងពាក់កណ្តាលមិនចូលរួមប្រជុំនេះ។

លោក ពុយ គា បន្តថា បន្ទាប់ពីខឹងគ្នាអស់ខ្យល់ ត្រាំ ក៏លួងមេដឹកនាំអាស៊ានឱ្យនាំគ្នាជិះយន្តហោះទៅអាមេរិកដើមឆ្នាំក្រោយ។ អ្នកព័ត៌មានចាស់វស្សារូបនេះ បន្ថែមថា លោក ត្រាំ លេងស្ទីលប្រើ «ការ៉ុត និងព្រនង់ = carrot and stick» ដែលចេញពីរឿងនិទានរបស់អង់គ្លេសតាំងពីទសវត្សរ៍ឆ្នាំ១៨០០ ជាង។

បើទោះយ៉ាងណា លោក ពុយ គា បានមើលឃើញថា អវត្តមានរបស់ប្រធានាធិបតីអាមេរិក ធ្វើឱ្យថៃជាម្ចាស់ផ្ទះបាក់មុខនៅចុងឆ្នាំ២០១៩ ហើយសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ីប៉ាស៊ីហ្វិកទាំងមូលមិនសប្បាយចិត្តសោះឡើយ ព្រោះបានទុកឱកាសឱ្យចិនធ្វើជាបងធំបង្អស់៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម