ចិនទទួលស្គាល់ថា នាវាផ្ទុកយន្ដហោះចម្បាំងរបស់ខ្លួន ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

(ប៉េកាំង)៖ កងនាវាចិន នៅថ្ងៃចន្ទនេះ បានទទួលស្គាល់ថានាវាផ្ទុកយន្ដហោះចម្បាំងរបស់ខ្លួន ពិតជាបានធ្វើដំណើរ ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ប្រាកដមែន តែក្នុងប្រតិបត្តិការហ្វឹកហាត់ និងធ្វើតេស្ដសាកល្បងជាទម្លាប់ធម្មតា ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

នាវាផ្ទុកយន្ដហោះចម្បាំងខាងលើ ដែលនៅមិនទាន់មានឈ្មោះនៅឡើយ គឺជានាវាផ្ទុកយន្ដហោះចម្បាំងទី២របស់ចិន ដែលនឹងជួយបង្កើនអំណាច និងសមត្ថភាពនៃកងនាវាចិន ប្រឈមមុខនឹងភាពតានតឹងជាមួយតៃវ៉ាន់ ក៏ដូចជានៅតំបន់ សមុទ្រចិនខាងត្បូង។ ថ្លែងនៅលើគេហទំព័រផ្លូវការ អ្នកនាំពាក្យកងនាវាចិន លោក Cheng Dewei បានឱ្យដឹង ដូច្នេះថា៖«នាវាផ្ទុកយន្ដហោះចម្បាំង ដែលត្រូវបានសម្ពោធក្នុងឆ្នាំ២០១៧ បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ មុននឹងចូលទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដើម្បីធ្វើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការហ្វឹកហាត់បណ្ដុះបណ្ដាល ជាទម្លាប់ធម្មតា ពោលគឺមិនមានគោលដៅអ្វីពិសេសណាមួយនោះទេ»។

គួរបញ្ជាក់ថា ការទទួលស្គាល់ខាងលើរបស់កងនាវាចិន កើតមានឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋមន្ត្រីការបរទេស តៃវ៉ាន់ លោក Joseph Wu បានចោទប្រកាន់ថានាវាផ្ទុកយន្ដហោះចម្បាំងចិនមួយគ្រឿង បានឆ្លងកាត់ច្រកសមុទ្រ តៃវ៉ាន់ ក្នុងគោលបំណងគំរាមកំហែង និងលូកដៃចូលកិច្ចការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ដែលនឹងប្រព្រឹត្តទៅក្នុង ពេលអនាគតដ៏ខ្លីខាងមុខនេះ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម