ព្រះមហាក្សត្រ៖ សព្វថ្ងៃនេះក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាព មានភាពប្រសើរឡើង



(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានកោតសរសើរចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាព មានភាពប្រសើរឡើង។
ការកោតសរសើររបស់ព្រះមហាក្សត្រធ្វើឡើង តាមរយៈព្រះរាជសារចូលរួមអបអរសាទរ ក្នុងឱកាសប្រារព្ធពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ និងទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងអន្តរជាតិលើកទី៣៧ ដែលនឹងរៀបចំឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។
ក្នុងព្រះរាជសារ ព្រះអង្គមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា «សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាព មានភាពប្រសើរឡើង តាមរយៈការលើកកម្ពស់ កំណើនការងារ និងអាជីពសមស្រប ព្រមទាំងការពង្រឹងភាពជាម្ចាស់ការ ដោយលើកទឹកចិត្តដល់ជនមានពិការភាព មានមុខរបរផ្ទាល់ខ្លួន សំដៅកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម»។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលទៀតថា សមិទ្ធផលរយៈពេល៥ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨ នាពេលកន្លងមក បានធ្វើឱ្យជនមានពិការភាព ទទួលបានទាំងសេវាសុខភាព ប្រកបដោយគុណភាព និងសមធម៌ ព្រមទាំងការស្តារលទ្ធភាព ពលកម្មកាយ សម្បទា និងសតិបញ្ញាបានល្អប្រសើរ។ ការលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាព ដើម្បីសម្តែងមតិទទួលព័ត៌មាន និងចូលរួមជីវភាពនយោបាយ ត្រូវបានលើកទឹកចិត្តទាំង នៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ រួមទាំងការធានាបាននូវសកម្មភាពសង្គម វប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលម្លៃ ដែលធ្វើឱ្យជនមានពិការភាពទទួលបានការអភិវឌ្ឍន៍ឥតឈប់ឈរពីរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ព្រះមហាក្សត្របានជំរុញឲ្យមានការលើកទឹកចិត្ត និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្តការគាំទ្រ ដល់សកម្មភាពនានារបស់ជនមានពិការភាព ដើម្បីលុបបំបាត់ឧបសគ្គរារាំងឈាន ទៅពង្រឹងភាពជាម្ចាស់ការឱ្យបានរឹងមាំ ក្នុងទិសដៅសម្រេចបាននូវការលើកកម្ពស់ និងការពារសិទ្ធិរបស់ជនមានពិការភាព។
ព្រះអង្គក៏បានអរគុណចំពោះសហគមន៍ជាតិ និងអន្តរជាតិដែលមានទឹកចិត្តសប្បុរស បានផ្តល់ការគាំទ្រទាំងផ្នែកស្មារតី សម្ភារៈ និងថវិកាដ៏ច្រើន ដើម្បីជួយឱ្យវិស័យ
ពិការភាព ក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម