របាយការណ៍ប្រចាំរបស់អាមេរិក «ចាត់ទុកកូរ៉េខាងជើងជារដ្ឋគាំទ្រភេរវកម្ម» នាំឲ្យកូរ៉េខាងជើងចេញមុខទាត់ចោលភ្លាមៗ!

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកទីក្រុងព្យុងយ៉ាង «ជារដ្ឋគាំទ្រអំពើភេរវកម្ម» ក្នុងរបាយការណ៍ប្រចាំឆ្នាំមួយរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិក ស្តីពីអំពើភេរវកម្មសម្រាប់ឆ្នាំ២០១៨ ឈ្មោះកូរ៉េខាងជើងស្ថិតក្នុងចំណោមបណ្តាប្រទេសដែលអាមេរិកចាត់ទុកថា បានបន្តធ្វើការគាំទ្រដល់សកម្មភាពភេរវកម្ម។ ប្រការនេះបានធ្វើឲ្យក្រសួងការបរទេសកូរ៉េខាងជើង ចេញមុខប្រតិកម្មតបវិញថា សហរដ្ឋអាមេរិកកំពុងតែបន្តប្រើគោលនយោបាយបង្កហេតុ ចំពោះទីក្រុងព្យុងយ៉ាងដដែល និងបានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងប្រឆាំងដាច់ខាតចំពោះការរីករាលដាលនៃអំពើភេរវកម្ម ឬក៏ចំពោះការគាំទ្រសកម្មភាពដ៏អាក្រក់ៗទាំងនោះ។

យោងតាមរបាយការណ៍ខាងលើ កូរ៉េខាងជើងត្រូវបានអាមេរិកចាត់ទុក «ជារដ្ឋគាំទ្រភេរវកម្មកាលពីឆ្នាំ១៩៨៨» ដោយសារមូលហេតុចម្បង គឺកូរ៉េខាងជើងមានជាប់ពាក់ព័ន្ធក្នុងករណីបំផ្ទុះគ្រាប់លើយន្តហោះ របស់អាកាសចរណ៍កូរ៉េខាងត្បូង Korean Air កាលពីឆ្នាំ១៩៨៧។ កាលពីឆ្នាំ២០០៨ ឈ្មោះកូរ៉េខាងជើងត្រូវដកចេញវិញ ក៏ប៉ុន្តែត្រូវបានសហរដ្ឋអាមេរិក ចាត់បញ្ចូលមកវិញកាលពីឆ្នាំ២០១៧។

គួរជម្រាបថា កូរ៉េខាងជើងបានយល់ព្រមចូលរួមចរចា ស្តីពីកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េជាមួយសហរដ្ឋអាមេរិក ចាប់តាំងតែពីឆ្នាំ២០១៨ ប៉ុន្តែអ្វីៗបានធ្លាក់ក្នុងភាពស្រពិចស្រពិល បន្ទាប់ពីជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ចប់ទៅដោយភាពបរាជ័យនៅវៀតណាម កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារតែការខ្វែងគំនិតគ្នា ជុំវិញបញ្ហាទណ្ឌកម្មលើកូរ៉េខាងជើង។

កាលពីខែតុលាកន្លងទៅនេះ ការជួបពិភាក្សារវាងក្រុមមន្រ្តីកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនៅស៊ុយអែត ក៏ហាក់មិនទទួលបានលទ្ធផលវិជ្ជមានអ្វីដែរ ខណៈកូរ៉េខាងជើងចង់ឲ្យអាមេរិក ឈប់អនុវត្តគោលនយោបាយបង្កហេតុប្រឆាំងមកលើខ្លួន៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម