Facebook កម្ចាត់គណនីក្លែងក្លាយប្រមាណ៥.៤ពាន់លាន និងប្រើប្រាស់ AI ខ្លាំងជាងមុន ដើម្បីបង្ក្រាបព័ត៌មានក្លែងក្លាយ

(អាមេរិក)៖ បណ្តាញទំនាក់ទំនងសង្គមធំបំផុតក្នុងលោក Facebook បានប្រកាសនៅថ្ងៃពុធ សប្តាហ៍នេះថា គណនីក្លែងក្លាយ (Fake Account) ប្រមាណ ៥.៤ពាន់លានគណនីហើយ ត្រូវបានកម្ចាត់ចោលគិតត្រឹមឆ្នាំ២០១៩ ខណៈក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកមួយនេះ កំពុងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលប្រសើរជាងមុន ដើម្បីតាមប្រមាញ់ព័ត៌មានមិនពិត និងគណនីក្លែងក្លាយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ដោយសារតែមានការកើនឡើង នៃការព្យាយាមបង្កើតគណនីក្លែងក្លាយជាច្រើននោះ Facebook បានអះអាងថា ខ្លួនបានបង្កើនកិច្ចការពារ និងធ្វើការបិទចោលនូវគណនីទាំងនោះភ្លាមៗ បន្ទាប់ពីទើបបង្កើតបានតែប៉ុន្មាននាទីប៉ុណ្ណោះ ដែលនេះគឺជាយុទ្ធនាការ និងជាការបង្កើនសមត្ថភាពបន្ថែម ដើម្បីតាមប្រមាញ់គណនីក្លែងក្លាយ។ សេចក្តីថ្លែងការណ៍មួយ ចេញដោយ Facebook បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានបង្កើនសមត្ថភាព នៅក្នុងការបិទគណនីដែលត្រូវបានបង្កើតឡើងដោយក្លែងបន្លំ ឬគណនីមិនសមរម្យផ្សេងៗ...»។

គួរបញ្ជាក់ថា គិតត្រឹមត្រីមាសទី ៣ នៃឆ្នាំ២០១៩ ក្រុមហ៊ុនបណ្តាញសង្គម Facebook ជឿជាក់ថា មានគណនីក្លែងក្លាយយ៉ាងហោចណាស់ចំនួន ៥% កំពុងសម្ងំនៅក្នុងគណនីសរុបទាំងអស់ នៅទូទាំងពិភពលោករបស់ Facebook។ តួលេខចុងក្រោយពី Facebook បានឲ្យដឹងទៀតថា បច្ចុប្បន្នគណនីអ្នកប្រើប្រាស់សកម្មប្រចាំខែរបស់ខ្លួនមានចំនួន ២.៤១ពាន់លាននាក់។ ការកម្ចាត់គណនីក្លែងក្លាយ និងព័ត៌មានមិនពិត គឺបាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ក្រោយពីក្រុមហ៊ុននេះទទួលរងសម្ពាធកាន់តែធ្ងន់ពីរដ្ឋាភិបាលអាមេរិក ឲ្យចាត់ការរឿងនេះ ខណៈការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ជិតហ្នឹងមកដល់ទៅហើយ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម