ទីបំផុតអាមេរិកអនុញ្ញាតពេល៩០ថ្ងៃទៀត ដើម្បីឲ្យក្រុមហ៊ុននានាអាចបន្តការរកស៊ីជាមួយ Huawei

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នាថ្ងៃចន្ទសប្តាហ៍នេះ បានសម្រេចបន្តពន្យារពេល ៩០ថ្ងៃទៀត ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកនានា អាចបន្តការរកស៊ីជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន ដែលត្រូវបានកត់ឈ្មោះចូលបញ្ជីខ្មៅពាណិជ្ជកម្ម កាលពីខែឧសភាកន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ដំណឹងអំពីការសម្រេចចិត្តខាងលើ ត្រូវបានប្រកាសដោយរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិកលោក វ៉ាលប៊ឺ រ៉ូស (Wilbur Ross)។ បន្ទាប់ពីការកត់ឈ្មោះក្រុមហ៊ុន Huawei ចូលទៅក្នុងបញ្ជីខ្មៅកាលពីខែឧសភា ឆ្នាំ២០១៩នេះ ក្រោមហេតុផលសន្តិសុខជាតិ សហរដ្ឋអាមេរិកបានបន្តផ្តល់សុពលភាពម្តង ៩០ថ្ងៃជាប់គ្នារហូតមកឲ្យអាជ្ញាប័ណ្ណធ្វើពាណិជ្ជកម្មរបស់ Huawei ដើម្បីកាត់បន្ថយការប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិក ដែលជាអតិថិជនរបស់ក្រុមហ៊ុន Huawei។ កាលពីខែឧសភា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានចេញបញ្ជាហាមឃាត់ក្រុមហ៊ុនអាមេរិក មិនឲ្យប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍របស់ Huawei ថែមទៀតផង។

គួរជម្រាបថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មអាមេរិក ក៏កំពុងបន្តពិចារណាលើការផ្តល់អាជ្ញាប័ណ្ណពិសេស សម្រាប់ឲ្យក្រុមហ៊ុនអាមេរិកនានា ដើម្បីឲ្យពួកគេអាចលក់គ្រឿងបន្លាស់ និងសេវាកម្មថ្មីៗទៀតឲ្យ Huawei ផងដែរ ក្រោយពីមានការស្នើសុំជាង ២០០សំណើ (ក៏មានក្រុមហ៊ុន Google នៅក្នុងនោះផងដែរ) ប៉ុន្តែនៅតែមិនទាន់មានការសម្រេចចុងក្រោយថា យ៉ាងណានៅឡើយទេ។

ដោយឡែកឆ្លើយតបចំពោះដំណឹងខាងលើ ក្រុមហ៊ុន Huawei បានលើកឡើងថា ការពន្យារពេលនេះនឹងពុំមានឥទ្ធិពលធំដុំអ្វី ទៅលើការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនឡើយ ហើយវាក៏មិនអាចកែប្រែនូវធាតុពិតជាក់ស្តែងដែលថា Huawei ត្រូវបានគេដាក់សម្ពាធគាបសង្កត់នោះដែរ។ ក្រុមហ៊ុន Huawei នៅតែគូសបញ្ជាក់ដែរ ការកត់ឈ្មោះខ្លួនចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម បានជះផលអវិជ្ជមានដល់ក្រុមហ៊ុនអាមេរិក ដែលមានការរកស៊ីជាមួយ Huawei ជាជាងចំពោះក្រុមហ៊ុន Huawei ផ្ទាល់៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម