សហរដ្ឋអាមេរិក៖ «អ៊ីរ៉ង់មានមហិច្ឆតាគ្រប់គ្រងតំបន់មជ្ឈិមបូព៌ាទាំងមូល និងអាចទិញសព្វាវុធបន្ថែមពេលផុតទណ្ឌកម្ម UN ឆ្នាំ២០២០»

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស៊ើបការណ៍ផ្នែកការពារជាតិ (DIA) របស់សហរដ្ឋអាមេរិក នាថ្ងៃអង្គារសប្តាហ៍នេះបានចេញរបាយការណ៍មួយ ស្តីពីការវាយតម្លៃទៅលើកម្លាំងយោធារបស់ប្រទេសអ៊ីរ៉ង់។ ក្នុងរបាយការណ៍នោះទីភ្នាក់ងារ DIA បានលើកឡើងថា ទោះបីជាអ៊ីរ៉ង់នៅតែជាប្រទេសដែលមានបច្ចេកវិទ្យាយោធា ខ្សោយដដែលក៏ដោយ ក៏អំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ យោធាអ៊ីរ៉ង់មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយនៅថ្ងៃអនាគតអាចកាន់តែខ្លាំងថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃ ពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

របាយការណ៍ខាងលើបានអះអាងថា ទីក្រុងតេហេរ៉ង់កំពុងព្យាយាមប្រែក្លាយខ្លួន ទៅជាមហាអំណាចធំជាងគេ ដើម្បីគ្រប់គ្រងមជ្ឈិមបូព៌ា ខណៈដែលយោធាអ៊ីរ៉ង់កំពុងមានវឌ្ឍនភាពយាងឆាប់រហ័ស ជាពិសេសក្នុងការអភិវឌ្ឍយន្តហោះដ្រូនសម្រាប់ប្រយុទ្ធ និងប្រព័ន្ធសព្វាវុធផ្សេងៗ ដូចជាគ្រាប់មីស៊ីលជាដើម។

បើតាមការវាយតម្លៃរបស់ទីភ្នាក់ងារ DIA សព្វថ្ងៃអ៊ីរ៉ង់កំពុងប្រើប្រាស់រថក្រោះ និងយន្តហោះចម្បាំងចាស់ៗពិតមែន ប៉ុន្តែប្រហែលជានឹងធ្វើបច្ចុប្បន្នភាពពួកវាភ្លាមៗ ក្រោយពីក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បម្រាមសព្វាវុធចេញពីអ៊ីរ៉ង់វិញនៅឆ្នាំក្រោយ ហើយអ៊ីរ៉ង់អាចនឹងទិញយន្តហោះចម្បាំង ព្រមទាំងរថក្រោះស៊េរីទំនើបៗពីរុស្ស៊ី ឬមួយក៏ចិន។

គួរជម្រាបថា យ៉ាងណាមិញទីភ្នាក់ងារ DIA បានគូសបញ្ជាក់ក្នុងរបាយការណ៍ដដែលថា មហិច្ឆតាអំណាចយោធារបស់អ៊ីរ៉ង់ អាចនឹងត្រូវប៉ះពាល់ដោយសារតែបញ្ហាកញ្ចប់ថវិកាជាតិ ជាពិសេសនោះគឺដោយសារក្នុងឆ្នាំ២០១៩នេះ ការចំណាយលើវិស័យការពារជាតិអ៊ីរ៉ង់បានធ្លាក់ចុះស្រាប់ ហើយទំនងជានឹងបន្តបែបនេះទៀត ព្រោះតែសម្ពាធទណ្ឌកម្មពីសហរដ្ឋអាមេរិក។ ដោយឡែក សម្រាប់បម្រាមសព្វាវុធដែល UNSC បានដាក់មកលើប្រទេសអ៊ីរ៉ង់ នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA ឆ្នាំ២០១៥ នោះនឹងត្រូវអស់សុពលភាពនៅខែតុលា ឆ្នាំ២០២០៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម