រដ្ឋមន្ដ្រីកសិកម្ម និងនាយក ADB ប្រចាំកម្ពុជា ជួបពិភាក្សាគ្នាអំពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ»

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានទទួលជួបលោកស្រី Sunniya Durrani-Jamal នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំកម្ពុជា និងសហការី ដើម្បីតាមដានពីដំណើរការ នៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ដែលទទួលបានការជួយឧបត្ថម្ភពី ADB។

ថ្លែងក្នុងឱកាសនោះ លោកស្រី Sunniya Durrani-Jamal បានបញ្ជាក់ថា ជំនួបនេះ គឺលោកស្រី មានបំណងចង់ពិភាក្សា និងតាមដានអំពីដំណើរការ នៃការរៀបចំសេចក្តីព្រាងច្បាប់ខាងលើ ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចការនេះ ឲ្យបានលឿនរលូន និងទទួលបានការអនុម័ត នាពេលអនាគតដ៏ខ្លី ប្រយោជន៍ដើម្បីជួយលើកកម្ពស់ សមត្ថភាពពេញលេញ ក្នុងការចូលរួមអនុវត្តការការពាររុក្ខជាតិ

លោកស្រីបានបន្ថែមទៀតថា លើសពីនោះទៀត ដើម្បីត្រួតពិនិត្យភូតគាមអនាម័យ ក្នុងវិស័យកសិកម្មកម្ពុជា និងជាពិសេស ដើម្បីជួយសម្រួល ដល់ការធ្វើកសិ-ពាណិជ្ជកម្ម ឲ្យបានរលូនទូលំទូលាយ និងមានប្រសិទ្ធភាពស្របនិយាម និងគោលនយោបាយរបស់អាស៊ាន និងអន្តរជាតិ។

លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះ ADB និងជាពិសេសចំពោះលោកស្រី និងក្រុមការងារ ដែលយកចិត្តទុកដាក់ និងសម្តែងនូវក្តីកង្វល់ចំពោះការយឺតយ៉ាវ នៃដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ចំពោះក្រសួង ច្បាប់នេះមានសារៈសំខាន់ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រោះវានឹងជួយសម្រួលដល់ការធ្វើកសិ-ពាណិជ្ជកម្ម ការការពាររុក្ខជាតិពីជំងឺឆ្លង និងសត្វល្អិតចង្រៃ ដែលអាចបង្ក ហានីភ័យដល់ដំណាំ និងជាពិសេសនោះ គឺជាឧបសគ្គចំបងដល់ការនាំចេញកសិផលកម្ពុជា ប្រសិនបើយើងគ្មានវិធានការការពារ ឬទប់ស្កាត់ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងមានប្រសិទ្ធភាពស្របតាមលក្ខណច្បាប់ និងបច្ចេកទេសនោះទេ។

លោករដ្ឋមន្ដ្រី វេង សាខុន បានបន្ថែមថា ដោយឡែក ចំពោះដំណើរការនៃកិច្ចពិភាក្សា លើសេចក្តីព្រាងច្បាប់នេះ កំពុងដំណើរការទៅមុខបើទោះបី មានបញ្ហាខ្លះៗ ដែលត្រូវពិភាក្សាឲ្យបានលម្អិត និងស៊ីជម្រៅបន្ថែមទៀត ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ប៉ុន្តែទោះជាយ៉ាងណាក្រសួង នឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការចរចារ និងដោះស្រាយបញ្ហាដែលជាប់គាំងទាំងឡាយ ធ្វើយ៉ាងណាជំរុញឲ្យសេចក្តីព្រាងច្បាប់នេះ អនុម័តក្នុងពេលឆាប់៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម